(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ តំបន់ជាច្រើនក្នុងសង្កាត់ចោមចៅ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានដាច់ចរន្តអគ្គសិនី។ ការដាច់នេះដោយសារតែការដ្ឋានដាក់ប្រព័ន្ធលូមួយកន្លែង បានកាយដីប៉ះចំខ្សែបណ្តាញបញ្ជូនចរន្តអគ្គិសនីតង់ស្យុងមធ្យម។
បើទោះបីជាយ៉ាងណាក្រោយពីកិច្ចអន្តរាគមន៍យ៉ាងញាប់ដៃញាប់ជើងពីមន្ត្រីអគ្គិសនីកម្ពុជា ខ្សែបញ្ជូនបណ្តាញអគ្គិសនីត្រូវបានតភ្ជាប់ឡើងវិញ និងបានផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋជាធម្មតាឡើងវិញហើយនៅម៉ោង ១៣៖០០នាទី រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ។
អគ្គិសនីកម្ពុជា បានសុំការយោគយល់ និងអធ្យាស្រ័យពីអតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ទាំងអស់ ដែលបានរងផលប៉ះពាល់ដោយសារការដាច់ចរន្តអគ្គិសនីនេះ។ អគ្គិសនីកម្ពុជា ក៏បានស្នើសុំដល់ការដ្ឋាននានានៅជិតខ្សែបញ្ជូនចរន្តអគ្គិសនី ជួយប្រុងប្រយ័ត្នខ្ពស់ចៀសវាងធ្វើឲ្យប៉ះពាល់ ឬ ដាច់ខ្សែបញ្ជូនចរន្តអគ្គិសនីឈានទៅបះពាល់ដល់ប្រជាពលរដ្ឋ៕