(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុ​ន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបើកច្រកជាផ្លូវការក្នុងការពិភាក្សារវាងកម្ពុជា-អាមេរិក លើការទទួលយកពលរដ្ឋខ្មែរទៅរស់នៅអាមេរិកក្រោយឆ្នាំ១៩៩៤។ សម្តេចតេជោ បានបញ្ជាក់ថា ការបើកច្រកពិភាក្សានេះ ក្នុងគោលបំណងសម្រួលការងារដល់ប្រជាពលរដ្ឋ ហើយសម្តេចក៏មិនចង់ឃើញប្រជាពលរដ្ឋខ្មែរ ត្រូវគេបញ្ចូនទៅកាន់ប្រទេសនេះ ប្រទេសនោះផ្សេងទៀត ក្រៅពីប្រទេសកម្ពុជាឡើយ។ (សូមទស្សនាវិដេអូប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន)

ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលនេះធ្វើឡើង ខណៈសម្តេចអញ្ជើញជួបសំណេះសំណាល និងប្រគល់ប្រាក់រង្វាន់ដល់ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ឈ្នះមេដាយនានា ពេលកន្លងមកមានចំនួន២១១នាក់ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃសុក្រ១២រោច ខែមិគសិរ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ។

ថ្លែងបញ្ជាក់នៅចំពោះមុខកីឡាករ-កីឡាការិនីជាង២០០នាក់ សម្តេចតេជោ ហ៊ុ​ន សែន បានប្រកាសសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ឥឡូវនេះ ខ្ញុំបានបើកច្រកឲ្យមានការពិភាក្សាលើការទទួលយកពលរដ្ឋខ្មែរ ទៅរស់នៅអាមេរិកក្រោយឆ្នាំ១៩៩៤ ខ្ញុំមិនចង់ឲ្យពលករដ្ឋខ្មែររស់នៅអាមេរិក ត្រូវគេបញ្ចូនទៅកាន់ប្រទេសនេះ ប្រទេសនោះផ្សេងទៀត ក្រៅពីការវិលត្រឡប់មកកម្ពុជា វិញនោះទេ ចឹងបញ្ហានេះ ដោយសារវាជាប្រធានមួយ ខ្ញុំត្រូវតែនិយាយ ដើម្បីជាសារមួយប្រាប់ទៅ អ្នកខ្លះរង់ចាំនេះ អ្នកខ្លះរង់ចាំនោះ»

កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា មិនត្រឹមតែពលរដ្ឋខ្មែរដែលបានប្រព្រឹត្តទោស នៅអាមេរិកនោះទេ ដែលត្រូវបញ្ជូនមកប្រទេសកម្ពុជាវិញ សូម្បីតែពលរដ្ឋ ដែលទៅរស់នៅដោយខុសច្បាប់ នៅលើទឹកដីអាមេរិកក្រោយឆ្នាំ១៩៩៤ ក៏អាមេរិកកំពុងពិចារណាបញ្ជូនមក ប្រទេសកម្ពុជាវិញផងដែរ។

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន បានប្រកាសទទួលរាល់ពលរដ្ឋខ្មែរ ដែលអាមេរិកបញ្ជូនត្រឡប់មកវិញ និងស្នើដល់ពលរដ្ឋខ្មែរឲ្យឈប់ប្រថុយប្រថាន ទៅរស់នៅសហរដ្ឋអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យសហរដ្ឋអាមេរិកពិចារណា លើការផ្តល់ថ្លៃសម្រាប់ការដឹកជញ្ជូន និងការរស់នៅដំណាក់កាលដំបូងរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានបញ្ជូនមកវិញនោះ ដើម្បីធានាដល់ការរស់នៅរបស់ពួកគេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរកុំឲ្យបន្តប្រថុយប្រថាន ទៅរស់នៅសហរដ្ឋអាមេរិក ដែលនឹងប្រឈមការ ចាប់បញ្ជូនត្រឡប់មកវិញ។

សូមបញ្ជាក់ថា នាពេលបច្ចុប្បន្នកម្ពុជា-អាមេរិក មានកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការទទួលយកប្រជាពលរដ្ឋខ្មែរដែល ទៅរស់នៅ អាមេរិកក្នុងអំឡុង ទសវត្សរ៍ឆ្នាំ៧០-៨០ ហើយបានប្រព្រឹត្តទោសនៅទីនោះ។ បច្ចុប្បន្នមន្ត្រីខ្មែរកំពុងសម្ភាសន៍ ប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលត្រូវបញ្ជូនត្រឡប់មកវិញ ខណៈអ្នកមួយចំនួនកំពុងសម្រាកព្យាបាលជំងឺសិន។

បើតាមសម្តេចតេជោ ហ៊ុន សែន មកទល់ពេលបច្ចុប្បន្ន មានប្រជាពលរដ្ឋខ្មែររស់នៅអាមេរិកប្រមាណជា៦០០នាក់ហើយ ត្រូវបានបញ្ជូនត្រឡប់ មកប្រទេសកម្ពុជាវិញ។ នាពេលកន្លងទៅរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានស្នើអាមេរិកធ្វើការ ប្រែលើលក្ខខន្តិកៈមួយចំនួនលើកិច្ចព្រមព្រៀង ស្តីពីការបញ្ជូនពលរដ្ឋខ្មែរនេះ ដោយក្នុងនោះ សម្តេចតេជោ ហ៊ុន សែន មិនចង់ឃើញពលរដ្ឋខ្មែរអាមេរិកត្រូវបញ្ជូន មកស្រុកខ្មែរនាំឲ្យមានការព្រាត់ប្រាស់ពីគ្រួសារនោះទេ។ តែទោះជាយ៉ាងណា សំណើនេះមិនត្រូវបានទទួលដោយសហរដ្ឋអាមេរិកនោះឡើយ៕