(ភ្នំពេញ)៖ ដើម្បីអនុវត្តន៍នូវតួនាទីភារកិច្ច ក៏ដូចជា សេចក្តីណែនាំជាប្រចាំរបស់ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ពិសេសមតិណែនាំពីសំណាក់ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លើការការពារសុខមាលភាព សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែងដែលមិនមានសមភាព ជូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់នោះ មន្រ្តីសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការណ៍ជាមួយមន្រ្តីមន្ទីរ ពិសោធន៍របស់អគ្គនាយដ្ឋានកាំកុងត្រូល មន្រ្តីរបស់មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងតំណាងគណៈកម្មាធិការផ្សារ បានចុះធ្វើការត្រួតពិនិត្យ នៅផ្សារជម្ពូវ័ន សង្តាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ។
លោក ហុង លឹមហ៊ុន អនុប្រធានសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ការចុះត្រួតពិនិត្យទៅលើផលិតផល ចំណីអាហារ បន្លែ ត្រី សាច់ស្រស់ និងកាលបរិច្ឆេទអាហារវេចខ្ចប់ស្រាប់មួយចំនួន ដែលកំពុងចរាចរនឹងដាក់តាំងលក់នៅក្នុងផ្សារជម្ពូវ័ន។
ក្រុមការងារបានបានយកគំរូសសៃគុយទាវ មីលឿង លត ប្រហិតសាច់គោ ប្រហុក មឹក បង្គារ ត្រយ៉ូងចេក សាឡាត គល់ស្លឹកគ្រៃហាន់រួច ខ្ញីហាន់រួច ស្ពៃជូរ ប្រមាណ២០មុខ មកធ្វើតេស្តបឋមនៅឡានមន្ទីរពិសោធន៍ ជាលទ្ធផល មិនវត្តមានសារធាតុគីមីហាមឃាត់ទេ។
ក្នុងឱកាសនោះដែរលោក ហុង លឹមហ៊ុន បានអំពាវដល់បងប្អូនអ្នកលក់ដូរសូមកុំប្រើសារធាតុគីមីដែល ហាមឃាត់ដែលនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ហើយសុំបន្តកិច្ចសហការ ជាមួយសមត្ថកិច្ច នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរួមចំណែកអនុវត្តតាមគោលការណ៍ ស្តីពីសុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែងដោយមានសមភាព ក្នុងស្មារតីមួយទទួលខុសត្រូវខ្ពស់។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មានការសង្ស័យទាក់ទងនឹងសុវត្តិភាពម្ហូបអាហារ សូមទាក់ទងមកមន្រ្តីកាំកុងត្រូល ចុះធ្វើការត្រួតពិនិត្យ និងចាត់វិធានការភ្លាមៗ៕