(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា កម្ពុជានឹងបើកឲ្យមានកិច្ចសហការរុករកអដ្ឋិធាតុទាហានរបស់អាមេរិកឡើងវិញ នៅពេលអាមេរិក បើកឲ្យមានការផ្តល់ទិដ្ឋាការដល់មន្ដ្រីក្រសួងការបរទេសកម្ពុជាវិញនោះ។ (សូមទស្សនាវិដេអូប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
ការថ្លែងបញ្ជាក់ជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសបានអញ្ជើញជួបសំណេះសំណាល និងប្រគល់ប្រាក់រង្វាន់ដល់ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ឈ្នះមេដាយនានាពេលកន្លងមកប្រមាណ ២១១នាក់ នៅវិមានសន្តិភាព។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងបើកឲ្យដំណើរការឡើងវិញនូវការរុករកនូវការរុករកអដ្ឋិធាតុរបស់ទាហានអាមេរិក បាត់ខ្លួនដែលនៅបន្ដបាត់ខ្លួន ៤៩នាក់ទៀត ក្នុងលក្ខខណ្ឌដែលអាមេរិក នឹងផ្ដល់ឲ្យយើងត្រឡប់មកវិញ នូវអ្វីដែលអាមេរិកយកពីយើង»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានបញ្ជាក់ជាសាធារណៈថា កម្ពុជាមិនលុបចោលទេ ប៉ុន្តែសូមផ្អាកជាបណ្តោះអាសន្ន បើអាមេរិកមិនផ្តល់ឲ្យកម្ពុជាត្រឡប់មកវិញ កម្ពុជាក៏មិនបន្តសហការជាមួយអាមេរិកលើបញ្ហានេះដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសូមឲ្យគ្រួសារ ឬ សម្ព័ន្ធគ្រួសារអាមេរិកដែលបានបាត់ខ្លួន កុំបន្ទោសរដ្ឋាភិបាលកម្ពុជា បើចង់បន្ទោស គឺត្រូវបន្ទោសស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងបន្ទោសរដ្ឋបាលអាមេរិក។
សូមបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក លើការស្វែងរកអដ្ឋិធាតុទាហានអាមេរិកនៅទឹកដីកម្ពុជា។ ការប្រកាសផ្អាករបស់សម្តេច បន្ទាប់ពីអាមេរិកប្រកាសផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (ប្រភេទទេសចរណ៍និងជំនួញ) ដល់មន្រ្តីក្រសួងការបរទេសចាប់តាំងពី ថ្នាក់អគ្គនាយក រហូតដល់ថ្នាក់កំពូល។
សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ថា ពេលអាមេរិកប្រកាសលុបចោលការផ្អាកផ្តល់ទិដ្ឋាការនេះភ្លាម សម្តេច ក៏នឹងបន្តកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុអាមេរិកផងដែរ។ បើតាមសម្តេចតេជោនាយករដ្ឋមន្ដ្រី អដ្ឋិធាតុរបស់ទាហានអាមេរិកនៅលើដីកម្ពុជាមានប្រមាណ ៨០នាក់ ហើយបច្ចុប្បន្ននៅសល់ ៤៩នាក់ទៀត៕