(ភ្នំពេញ)៖ សិក្ខាសាលាស្តីអំពីការប្រើប្រាស់បច្ចេកទេសព័ត៌មានវិទ្យា ស្របទៅតាមបរិបទ នៃបណ្តាញសង្គមបង្កើតនូវ​ភាពងាយស្រួលដល់​អ្នកសិក្សាភាសាបារាំង នៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវហ្វ្រង់កូហ្វូនភ្នំពេញ។

សិក្ខាសាលានេះបើកកម្មវិធីដោយលោក អ៊ឹម ក្រាវង្ស ប្រធានទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យភាសាបារាំង ប្រមាណជាង១០នាក់ មកពីសាកលវិទ្យាល័យចំនួន៣រួមមាន៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងតំណាងមកពីអង្គការភាពញញឹម នៃកុមារដែលមានការអប់រំជាភាសាបារាំង។

កម្មវិធីបណ្តុះបណ្តាលនេះរៀបចំឡើង ដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រោមការឧបត្ថម្ភពីទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងដឹកនាំដោយលោក ប្រ៊ុយណូ ម៉ាកហ្សាល (Bruno MARCHAL) សាស្ត្រាចារ្យភាសាបារាំង នៃសាកលវិទ្យាល័យថាម៉ាសាត (ប្រទេសថៃ) និងសាកលវិទ្យាល័យរូអង់(ប្រទេសបារាំង)។

សិក្ខាសាលាមានគោលបំណងបង្កើននូវចំណេះដឹងថ្មីៗបន្ថែម ដើម្បីលើកកំពស់សមត្ថភាពសាស្ត្រាចារ្យបង្រៀនភាសាបារាំងនៅកម្ពុជា ជាពិសេសលើការប្រើប្រាស់បច្ចេកវិទ្យាទំនើបបញ្ចូលក្នុងការរៀន និងបង្រៀនស្របទៅតាមបរិបទនៃការរីកចំរើន នៃឧបករណ៏ទំនើប SMART PHONEនិងព័ត៌មានតាមបណ្តាញសង្គម។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវហ្វ្រង់កូហ្វូននេះបំពាក់ឡើង ដោយប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ភ្ជាប់បណ្តាញអ៊ីនទែរណែត វីដេអូកង់ហ្វេរ៉ង់ និងឯកសារផ្សេងៗ បង្កើតឡើងដើម្បីបំរើប្រយោជន៍ ដល់អ្នកសិក្សាស្រាវជ្រាវ សាស្ត្រាចារ្យ សិស្សនិងនិស្សិត​ដែលមានតម្រូវការប្រើប្រាស់ទីតាំងមួយនេះ សំរាប់ការស្រាវជ្រាវ សិក្ខាសាលា ការបណ្តុះបណ្តាល ការការពារនិក្ខេបបទពីចំងាយ និងការពិភាក្សាណាមួយដែលស្នើឡើងដោយគ្រឹះស្ថានឧ​ត្តម​សិក្សាជាសមាជិកនៃ​ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF)៕