(ភ្នំពេញ)៖ ក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេស (១៦៤៦ឃុំ-សង្កាត់) បានចេញសេចក្តីថ្លែងការណ៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចបានដាក់ចេញនូវគោលនយោបាយពិនិត្យ និងព្យាបាលជំងឺដោយមិនគិតថ្លៃ ជូនចំពោះមន្រ្តីមូលដ្ឋានថ្នាក់ភូមិឃុំសង្កាត់ ដែលមានជាង៦ម៉ឺននាក់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម របស់លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ។
សេចក្តីថ្លែងការណ៍ដែលតំណាងឲ្យសមាជិកឃុំសង្កាត់ចំនួន១១៥៧២រូប បានបញ្ជាក់ថា «ការប្រកាសដាក់ចេញនូវគោលនយោបាយនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លៀសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច ចំពោះថ្នាក់រដ្ឋបាលដែលស្ថិតនៅកៀកបំផុត ជាមួយនឹងប្រជាពលរដ្ឋ និងបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋ ហើយរស់នៅជាអចិន្ត្រៃយ៍ ជាមួយប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាឃុំសង្កាត់ និងសម្ព័ន្ធភាពជាតិ ប្តេជ្ញាគោរព គាំទ្រ និងដើរតាមមាគ៌ាដឹកនាំដ៏ភ្លឺស្វាង ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោជានិច្ចនិរន្តន៍»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ខណៈសម្តេចអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៥,១៣៣នាក់ មកពីរោងចក្រចំនួន១៣ ស្ថិតនៅតំបន់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធាន-អនុប្រធានភូមិ ជំនួយការ និងក្រុមប្រឹក្សាឃុំ សរុបជាង៦ម៉ឺននាក់ នឹងត្រូវបានទទួលការពិនិត្យព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃដូចកម្មករ-កម្មការិនីដែរ។ (សូមទស្សនាវិដេអូប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន)
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះក៏សូមផ្ដាំផ្ញើទៅប្រធាន អនុប្រធានភូមិ ប្រធាន និងអនុប្រធានជំនួយការភូមិ ដែលសរុប៤៣,១៤៩នាក់ ក្រុមប្រឹក្សាឃុំសង្កាត់មាន១១,៥៧២នាក់ នឹងត្រូវបានទទួលនូវរបរនៃការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ ដូចកម្មករ កម្មការិនីផងដែរ ហើយសម្រាប់ថ្នាក់ឃុំ និងថ្នាក់ភូមិដែលជាស្ដ្រី នៅក្នុងពេលឆ្លងទន្លេ ក៏នឹងទទួលបានអត្ថប្រយោជន៍ដូចកម្មករផងដែរ»៕