(ភ្នំពេញ)៖ តំណាងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ គឺលោកស្រី អាន ផល្លា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅថ្ងៃព្រហស្បតិ៍ទី១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័គ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ គ.ស ២០១៧ ដោយមានការរួមដំណើរពីលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងលោក-លោកស្រីមន្ត្រីពាក់ព័ន្ធ ក្រុមយុវជន ក.ក្រ.ក បានពាំនាំយកនូវសម្ភារ គ្រឿងឧបភោគ បរិភោគ រួមជាមួយថវិកាមួយចំនួន ដែលជាសកម្មភាពមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភចែកជូន ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន១៧គ្រួសារ ដើម្បីជួយសម្រាលដោះស្រាយបញ្ហាខ្វះខាតតាមគ្រួសារនីមួយៗ នៅសង្កាត់ទួលសង្កែទី២ និងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងសកម្មភាពមនុស្សធម៌ ខាងលើនេះ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌឫស្សីកែវ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រាកដណាស់ ប្រជាពលរដ្ឋគ្រប់រូប និងមិនស្លាប់ដោយអត់បាយឡើយ ពីព្រោះសម្ដេចទាំងពីរ បានក្រើនរំលឹកហើយ រំលឹកទៀត ដើម្បីឲ្យមន្ត្រីក្រោមឱវាទទាំងអស់ ដាច់ខាតត្រូវយកចិត្តទុក្ខដាក់ឲ្យបានខ្ពស់ ចំពោះជនងាយរងគ្រោះ។
ជាមួយគ្នានោះ លោកស្រី អាន ផល្លា បានមានប្រសាសន៍ថា ដោយមើលឃើញជាក់ស្ដែងពីស្ថានភាពរបស់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាត និងជួបគ្រោះអគ្គិភ័យ ដោយមានការចង្អុលបង្ហាញចំគោលដៅ និងផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា គឺត្រូវឲ្យយកចិត្តទុកដាក់ឲ្យបានខ្ពស់លើប្រជាពលរដ្ឋក្រីក្រលំបាក ចាស់ជរាជួបការខ្វះខាត ឫគ្មានទីពឹងជាដើម «ពោលគឺជាជនងាយរងគ្រោះ» ដាច់ខាតមិនត្រូវមើលរំលងបានឡើយ ដើម្បីចូលរួមឧបថម្ភជូន ក្នុងការផ្ដល់នូវវប្បធម៌ចែករម្លែកជួយដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានមួយចំនួន ដោយក្នុង១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម ឃីត១ (មានម៊ុង១ ភួយ១ អាវយឺត១ កន្ទេល១) រួមជាមួយថវិកា ៥០,០០០រៀល។
បន្ថែមពីនេះ លោកស្រី អាន ផល្លា បានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រចាស់ជរា មានជម្ងឺចំនួន៥គ្រួសារទៀត ដោយក្នុង១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម និងថវិកា ៥០,០០០រៀល ព្រមទាំងឆ្លៀតឱកាសឧបត្ថម្ភថវិកាជូនចាស់ព្រិទ្ធាចារ្យម្នាក់ ដែលមានជម្ងឺ ២០០,០ ០០រៀល និងអង្ករ៣០គីឡូក្រាម រួមនិងជូនប្រជាការពារជាថវិកាចំនួន១៤០,០០០រៀលផងដែរ ដែលជាការឧបត្ថម្ភដោយផ្ទាល់របស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ៕