(ភ្នំពេញ)៖ កាហ្វេ អូលថោន វ៉ាយ (OLDTOWN WITH COFFEE) ដែលជាម៉ាកល្បី និងធំបំផុតប្រចាំប្រទេសម៉ាឡេស៊ី នឹងលេចវត្តមាននៅកម្ពុជានាឆ្នាំក្រោយនេះ ជាមួយនឹងការនាំចូលនូវរសជាតិ គួរជាទីគាប់ចិត្តរបស់ប្រជាជនកម្ពុជា។
ការហ្វេនេះត្រូវបាននាំចូលដោយក្រុមហ៊ុន Binition Food & Beverage Company Limited ដោយក្រុមហ៊ុនបានចុះកិច្ចសន្យាព្រមព្រៀង ទទួលអាជ្ញាបណ្ណពីក្រុមហ៊ុន OLDTOWN WITH COFFEE ដ៏ធំមួយនេះហើយនាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។
លោក ប៊ុន ឃាម នាយគ្រប់គ្រងក្រុមហ៊ុន Binition Food & Beverage បានថ្លែងឲ្យដឹងថា ដោយសារតែមើលឃើញកម្ពុជា ជាប្រទេសដែលមានសក្ដានុពលខ្ពស់ លើវិស័យឧស្សាហកម្ម ម្ហូបអាហារដូច្នេះហើយទើបក្រុមហ៊ុន សម្រេចចិត្តនាំចូលកាហេ្វនេះ។ បើទោះបីជាកម្ពុជាមានហាងកាហ្វេច្រើនបែបណា និងផ្ដល់រសជាតិស្រដៀងគ្នាយ៉ាងណាក្ដី ក៏ហាងកាហ្វេនេះនៅតែមានរូបមន្ដពិសេស ក្នុងការទាក់ទាញអតិថិជន។ ដោយរសជាតិទាំងនោះរីកលូតលាស់ខ្លាំងបំផុត នៅទូទាំងពិភពលោក។
លោកបានបន្ដទៀតថា រូបលោកគឺជាមនុស្សដំបូងបំផុត ដែលបាននាំយកកាហ្វេរសជាតិដើម ពីប្រទេសម៉ាឡេស៊ីចូលកម្ពុជា ហើយយុទ្ធសាស្ដ្ររបស់យើងគឺសាមញ្ញាបំផុត ដោយគ្រាន់តែផ្ដល់នូវកាហ្វេ និងការទទួលទានអាហារពេលល្ងាចដ៏កក់ក្ដៅបំផុត។
លោក Clarence Leon D'Siva នាយកប្រតិបត្តិហាងការហ្វេ Old Town Bhd ថ្លែងថា យើងមានទំនុកចិត្តខ្ពស់បំផុត ក្នុងការផ្ដល់អាជ្ញាបជ្ញាបណ្ណ ដល់ក្រុមហ៊ុន Binition Food & Beverage នេះជាការទំនាក់ទំនងដ៏យូរអង្វែងសម្រាប់កម្ពុជា។ មួយវិញទៀតប្រទេសកម្ពុជា ជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ មួយក្នុងការវិនិយោគជាបរទេស និងពាណិជ្ជកម្មអន្ដរជាតិ ចំណែកទីផ្សារក៏ស្រប់ទៅនឹងផែនការកំណើន និងការពង្រីអន្ដរជាតិដែរ៕