​(ព្រះវិហារ)៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានជម្រុញឲ្យមន្ត្រី បុគ្គលិក កម្មករទាំងអស់នៅក្នុងមន្ទីរត្រូវខិតខំសិក្សា ស្វែងយល់បន្ថែម​នូវអ្វីដែលថ្មី ដែលទាក់ទង​ជំនាញរបស់ខ្លួនដើម្បីយកទៅបម្រើ និងអនុវត្តការងារឲ្យមានប្រសិទ្ធភាព។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ ​ក្នុងឱកាសដែលលោក​អញ្ជើញបើកកិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅបន្ត និងផ្សព្វផ្សាយប្រកាសលេខ៤១៤ សក.ប្រក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រួមទាំងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ​បន្ថែមទៀត ដល់មន្រ្តីរាជការក្រោមឱវាទ។

នៅក្នុងកិច្ចប្រជុំនេះ លោក សំ លាងទ្រី បានសំដែងការកោតសរសើរដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក កម្មករ​ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច រួមសហការគ្នាក្នុងការងារជួសជុល ថែទាំផ្លូវថ្នល់ ការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បានល្អប្រសើរ។ លោកក៏បានអំពាវនាវ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ​ទាំងអស់ ត្រូវខិតខំថែទាំសុខភាព សាមគ្គីភាព​ និងសិក្សារៀនសូត្របន្ថែមទៀត នូវច្បាប់ពាក់ព័ន្ធជំនាញរបស់ខ្លួន​អ្វីដែលថ្មី​ ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាព។

ចំពោះបញ្ហាផ្សព្វផ្សាយប្រកាសលេខ៤១៤ សក.ប្រក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី៤ ខែធ្នូ គ.ស២០១៧ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកបានថ្លែងថា គឺសំដៅឲ្យការិយាល័យ អង្គភាព ចំណុះមន្ទីរ អនុវត្តទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពការងារ ឈានទៅសម្រេចឲ្យបានជោគជ័យ តា​មផែនការសកម្មភាពរបស់ក្រសួង ខេត្ត និងមន្ទីរដែលបានដាក់ចេញ ធានាបានទាំងគុណភាព និងបរិមាណ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ បានទាន់ពេលវេលាស្របតាមយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល៕