(ភ្នំពេញ)៖ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃគណៈមហានិកាយ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសង្ឃប្រកាសមួយ បង្គាប់ឱ្យមន្រ្តីសង្ឃគ្រប់ជាន់ថ្នាក់ និងចៅអធិការគ្រប់វត្តនៅទូទាំងប្រទេស ធ្វើការអប់រំណែនាំ និងដាក់កំហិត ដល់ព្រះសង្ឃមួយចំនួន ដែលប្រើប្រាស់ បច្ចេកវិទ្យាក្នុងផ្លូវខុសឆ្គង និងឥតសណ្តាប់ធ្នាប់ បណ្តាលឱ្យប៉ះពាល់ដល់តម្លៃសង្ឃ និងព្រះពុទ្ធសាសនា។
តាមសង្ឃប្រកាសរបស់ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា សម័យនេះជាសម័យបច្ចេកវិទ្យាទំនើប ហើយព្រះសង្ឃបានប្រើប្រាស់ បច្ចេកវិទ្យានេះ ក្នុងដំណើរការងាររបស់ខ្លួន និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាផងដែរ ឥទ្ធិពលនៃបច្ចេកវិទ្យានេះ បានផ្តល់ផលទាំងវិជ្ជមាន និងអវិជ្ជមានក្នុងនោះបព្វជិតខ្លះ បានប្រើប្រាស់បង្កើតប្រយោជន៍ដល់ព្រះពុទ្ធសាសនា និងសង្គមជាច្រើន តែបព្វជិតមួយចំនួនតូច បានប្រើប្រាស់បច្ចេកវិត្យាទាំងនេះតាមរយៈបណ្តាញសង្គម Facebook បានធ្វើឱ្យប៉ះពាល់ដល់តម្លៃសង្ឃ និងព្រះពុទ្ធសាសនា។
សង្ឃប្រកាសរបស់ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ក៏បានបញ្ជាក់ទៀតយ៉ាងដូច្នេះថា៖ «ដូច្នេះមន្រ្តីសង្ឃគ្រប់ជាន់ថ្នាក់ ជាពិសេសចៅអធិការវត្ត ត្រូវអប់រំណែនាំ និងដាក់កំហិតដល់បព្វជិតពុទ្ធសាសនា ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយវិន័យសីលធម៌ ប្រាសចាកភាពខុសឆ្គង និងភាពឥត សណ្តាប់ធ្នាប់ ហើយអនុញ្ញាតឱ្យប្រើប្រាស់ក្នុងកិច្ចការជាកុសល ដែលនាំប្រយោជន៍ដល់ព្រះពុទ្ធសាសនា និងសង្គមតែម្យ៉ាងប៉ុណ្ណោះ»៕