(សៀមរាប)៖ ក្នុងទិវាអបអរសាទរខួប២៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទអង្គរវត្ត ក្នុងបញ្ចូលបេតិភណ្ឌពិភពលោក ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រយៈពេល២៥ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីដៃគូអភិវឌ្ឍន៍នានា គិតជាថវិកាមានប្រមាណ ៥០០លានដុល្លារអាមេរិក។
ទិវាអបអរសាទរខួប២៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទអង្គរវត្តនេះ (១៩៩២-២០១៧) ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃព្រហស្បត្តិ៍ ១១រោច ខែមិគសិរ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ គ.ស២០១៧ នៅមុខមហាប្រាសាទអង្គរ ខេត្តសៀមរាប ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា រមណីយដ្ឋានអង្គរបានក្លាយជានិម្មិតរូបដ៏សំខាន់មួយ នៃវប្បធម៌ខ្មែរ និងអាស៊ី ជាអច្ឆរិយវត្ថុល្បីល្បាញបំផុត ដែលទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងៗ។ លើសពីនេះ កម្ពុជាបានប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ដែលមានតម្លៃវប្បធម៌ជាសកល និងពុំអាចកាត់ថ្លៃបានរបស់មនុស្សជាតិ ព្រមទាំងប្រាង្គប្រាសាទបុរាណរាប់ពាន់ទូទាំងប្រទេស និងធនធានធម្មជាតិដ៏សម្បូរបែបនៅតាមព្រៃភ្នំ ដងទន្លេ សមុទ្រ សត្វផ្សោតទន្លេមេគង្គ ទំនៀមទម្លាប់ ប្រពៃណី ភាពរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ។
ឧបនាយករដ្ឋមន្រ្តី បានបន្តថា វប្បធម៌ជាដួងព្រលឹងរបស់ប្រជាជាតិមួយ ហើយកម្ពុជាក៏មានវប្បធម៌ល្អឯករបស់ខ្លួនតាំងពីបុរាណកាល ប៉ុន្តែវិស័យវប្បធម៌ និងវិស័យផ្សេងទៀត ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងដោយសារសង្គ្រាម និងក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីជាវប្បធម៌ដ៏រុងរឿងរបស់ខ្មែរ ត្រូវបានបំផ្លិចបំផ្លាញក៏ដោយ ក៏វប្បធម៌ សិល្បៈ ស្ថាបត្យកម្មនៅតែបានចាក់ឫសចាក់គល់ក្នុងសង្គមកម្ពុជាយ៉ាងរឹងមាំ។
ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានប្រឹងប្រែងទំនាក់ទំនងជាមួយដៃគូនានា ដើម្បីសហការក្នុងការថែរក្សា អភិរក្ស ជួសជុលប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរ និងក្រុមប្រាសាទនានាជាច្រើនទៀត។
លោកស្រីក៏បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវសម្របសម្រួលការងារជូនភ្ញៀវទេសចរ មិនត្រូវឲ្យភ្ញៀវទេសចរបំពានលើសម្បត្តិបេតិកភណ្ឌពិភពលោក របស់កម្ពុជាឡើយ ផ្ទុយទៅវិញត្រូវយកវប្បធម៌ពង្រីកវិស័យទេសចរណ៍ ទើបវិស័យទេសចរណ៍កម្ពុជាបន្តជីវិតទៅមុខ ប្រកបដោយនិរន្តរភាព។
រដ្ឋមន្រ្តី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់ថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិទាំងអស់ មានក្ដីសប្បាយរីករាយយ៉ាងខ្លាំង នៅពេលមានឱកាសបានទៅមកទស្សនាប្រាសាទអង្គរ និងប្រាសាទរាប់រយកន្លែងទៀត ដែលជាកេរមរតកដ៏ពិសិដ្ឋថ្លៃថ្លារបស់មហាបុព្វបុរសខ្មែរ នាសម័យបុរាណ ជាមួយនឹងសុវត្ថិភាពក្នុងការធ្វើដំណើរ សុខសន្តិភាព និងស្ថិរភាពពេញផ្ទៃប្រទេស មធ្យោបាយធ្វើដំណើរក៏ងាយស្រួល ពិសេសការគិតគូរយ៉ាងយកចិត្តទុកដាក់ ចំពោះសម្បត្តិបេតិកភណ្ឌដ៏ធំក្នុងពិភពលោកមួយនេះ។
សូមជម្រាបថា កម្ពុជាបានដាក់បញ្ជូនសម្បត្តិវប្បធម៌ទាំងរូបី និងអរូបី សរុបចំនួន៧ហើយ ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងនោះរួមមាន៖
១៖ រមណីយដ្ឋានអង្គរវត្ត (សម្បត្តិវប្បធម៌រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
២៖ របាំព្រះរាជទ្រព្យ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។
៣៖ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។
៤៖ ប្រាសាទព្រះវិហារ (រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
៥៖ ល្បែងទាញព្រ័ត្រ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៥។
៦៖ ចាប៉ីដងវែង (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
៧៖ ប្រាសាទសំបូរព្រៃគុក (រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៧៕