(ភ្នំពេញ)៖ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានស្នើទៅ លោក Dana Rohrabacher សមាជិកសភាអាមេរិក ដែលមានវោហាសាស្រ្តខ្លាំងក្នុងវេទិកាមួយកាលពីថ្ងៃអង្គារនោះ ឱ្យទៅបបួលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក លាលែងពីតំណែង ជាមុនសិន មុននឹងមកបបួលសម្តេចតេជោ ហ៊ុន សែន ស្បថលាលែងពីតំណែង។
ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពី លោក Dana Rohrabacher សមាជិកសភារដ្ឋ California សហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ បាននិយាយនៅក្នុងសវនាការមួយ នៅវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅដោយជំរុញឱ្យសម្តេចតេជោ ហ៊ុន សែន ចុះចេញពីអំណាច។ ជាមួយគ្នានេះ លោក Dana Rohrabacher ក៏បានលើកឡើងទៀតថា តើគួរមានវិធីជាថ្នូរឱ្យសម្តេចតេជោ ហ៊ុន សែន ចុះចេញពីអំណាច ហើយមិនកាត់ទោសគាត់ និងមិនរឹបអូសទ្រព្យសម្បត្តិគាត់ទេ បើគាត់ព្រមកែកុនស្ថានការណ៍ប្រជាធិបតេយ្យ។
លោក សុខ ឥសាន បានចាត់ទុកការស្នើឱ្យនាយករដ្ឋមន្រ្តីកម្ពុជា ចុះចេញពីតំណែងបែបនេះ គឺជាការរំលោភលើឆន្ទៈរបស់ប្រជាពលរដ្ឋរាប់លាននាក់ផងដែរ។
លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «សំណើរបស់លោកព្រឹទ្ធសមាជិក Dana Rohrabacher បបួលសម្តេចតេជោ ហ៊ុន សែន លាលែងពីតំណែងនោះ គឺជាការរំលោភឆន្ទៈរបស់ប្រជាជននៃប្រទេសកម្ពុជាយ៉ាងច្បាស់ក្រឡែត ហើយក៏ជាការដើរផ្ទុយពីលទ្ធិប្រជាធិបតេយ្យផងដែរ។ ប៉ុន្តែមិនអីទេ រឿងនេះ ទុកមួយឡែកសិនចុះ។ ជាដំបូងសូមលោកព្រឹទ្ធសមាជិករូបនេះ ទៅបបួលលោកប្រធានាធិបតី ដូណាល់ ត្រាំ សិនទៅ។ បើលោកប្រធានាធិបតី យល់ព្រម ទើបចាំមកបបួលសម្តេចតេជោ ជាក្រោយក៏បានដែរ ក៏មិនទាន់ហួសពេលទេ»។
លោក សុខ ឥសាន បានហៅការលើកឡើងរបស់សមាជិកសភាអាមេរិកថា ជាការកាន់ជើងអាយ៉ងរបស់ខ្លួន ទើបលោកហ៊ានរំលោភច្បាប់ និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដើម្បីលុបលាងមុខមាត់ដ៏ក្រខ្វក់របស់ខ្លួន៕