(ភ្នំពេញ)៖ លិខិតចំហរទី២អ្នកវិភាគ ចៅ ចាក់ស្មុក ផ្ញើជូនចំពោះឯកឧត្តម លោកជំទាវ តំណាងរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងស្ថាប័ននានានៅអូស្ត្រាលី អឺរ៉ុប សហរដ្ឋអាមេរិកដែលបានជួបប្រាស្រ័យជាមួយអ្នកនយោបាយនៃបក្សប្រឆាំងក្រៅច្បាប់។
ឯកឧត្តម លោកជំទាវ លោក លោកស្រីជាទីគោរពរាប់អាន!
ពលរដ្ឋខ្មែរពិតជាបានតាមដានយ៉ាងយកចិត្តទុកដាក់នូវបេសកកម្មបំផ្លាញជាតិ និងប្រឆាំងផលប្រយោជន៍ប្រជាជនកម្ពុជារបស់ក្រុមអ្នកនយោបាយនៃបក្ស ប្រឆាំងក្រៅ ច្បាប់ នៅក្នុងរយៈពេលជាច្រើនខែមកនេះ។ បេសកកម្ម ដែលពួកគាត់បានស្វះស្វែង ជួបជាមួយតំណាងស្ថាប័ននានារាប់តាំងពីមន្ត្រីរដ្ឋាភិបាល តំណាងរាស្ត្រ ព្រឹទ្ធសមាជិក និងដៃគូពាណិជ្ជកម្មផ្សេងៗ ដែលកម្ពុជាមាននៅក្នុងគោលដៅចម្បង គឺដើម្បីបញ្ចុះបញ្ចូលឯកឧត្តម លោកជំទាវ លោក លោកស្រីឱ្យដាក់សម្ពាធ ទាំងនយោបាយ និងសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា ដែលជាប្រទេសកំណើតរបស់ពួកគាត់ និងប្រឆាំងនឹងប្រជាជនខ្មែរ ដែលជាជនរួមឈាមរបស់ពួកគាត់។
ក្រុមអ្នកនយោបាយទាំងនោះ រួមមានទណ្ឌិត សម រង្ស៊ី កូនស្រី កឹម សុខា មូរ សុខហួរ និងអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដទៃទៀតបានធ្វើការអំពាវនាវ និងជំរុញឱ្យប្រទេស និងស្ថាប័នជាតិ ឬតំបន់របស់ឯកឧត្តមលោកជំទាវ កុំផ្តល់ជំនួយមកឱ្យកម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជាដើម្បីជាការស្វះស្វែងរក ការដោះលែងជនក្បត់ជាតិ កឹម សុខា និងជួយប្រស់បក្សនយោ បាយរបស់ខ្លួន ដែលត្រូវបានរកឃើញថា ប្រព្រឹត្តខុសច្បាប់់និងត្រូវបានរំលាយចោលឱ្យរស់ឡើងវិញនិង វិលចូលឆាកនយោបាយនៅកម្ពុជា ធ្វើព្យុះធ្វើឡើងគំរាមកំហែងសន្តិភាព និងការអភិវឌ្ឍ នៅកម្ពុជាសាជាថ្មី។
អ្នកនយោបាយអត្តទត្ថបុគ្គលមួយចំនួននេះសុខចិត្តលើកដៃសម្លាប់ជាតិនិងប្រជាជនខ្លួនឯង ឱ្យតែក្រុមគ្រួសារខ្លួនបានរស់ និងបានព្យាយាមគេចចេញពីសំណាញ់ច្បាប់ ពេលខ្លួនប្រព្រឹត្តខុស។ ពួកគេខុសពីអ្នកនយោ បាយប្រទេសជិតខាងខ្លួន ដែលទោះបីជាមាន បញ្ហាអ្វីក៏ដោយមិនបានអំពាវនាវឱ្យបរទេសបំផ្លាញជាតិខ្លួនឯងទេ។
តើដឹងថា ក្រុមអ្នកនយោបាយនៃបក្សប្រឆាំងក្រៅច្បាប់ ដែលឯកឧត្តម លោកជំទាវ លោក លោកស្រី ទទួលជួបនេះជានរណាទេ? ក្រុមអ្នកនយោបាយទាំងនេះ អាចរស់បាន ដោយសារតែការជេរប្រមាថ រិះគន់គ្មានមូលដ្ឋានគ្រឹះប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ការរើសអើងប្រឆាំងពូជសាសន៍ ការសន្យាបោកប្រាសយកប្រាក់ប្តូរនឹងតំណែងខ្យល់ ញុះញង់ និងបង្កើតឱ្យមានគំនុំសងសឹក និងបង្កើតឱ្យមានវណ្ណៈក្នុងសង្គម បង្កចលាចលនៅក្នុងសង្គម និងបញ្ឆេះកំហឹងរើសអើងជាតិសាសន៍។
ពួកគេបានប៉ុនប៉ងក្នុងការឡើងកាន់អំណាច តាមរយៈការផ្លាស់ប្តូរតាមបែបបដិវត្តន៍ពណ៌ មិនប្រជាធិបតេយ្យក្រោយពីបរាជ័យយ៉ាងអាម៉ាសជាច្រើនដង នៅក្នុងការបោះឆ្នោត ៤ អាណត្តិមកនេះ។ ក្រុមអ្នកនយោបាយប្រឆាំងពិតជាគ្មានសីលធម៌ ក្នុងការធ្វើនយោបាយនិង បានព្យាយាមសាបព្រោះអំពើហិង្សាដើម្បី មហិច្ឆតាអំណាចខ្លួនដោយបានមិនខ្វល់ថា នរណាស្លាប់ឡើយ។ អ្នកនយោបាយទាំងនេះ ពិតជាពូកែធ្វើជាជនរងគ្រោះអាជីព បំភ្លៃ បំផ្លើស និងបំប៉ោងស្ថានការណ៍ ខុសពីការពិត ដើម្បីសុំសេចក្តីអាណិតអាសូរពីសហគមន៍អន្តរជាតិ។ ក្រុមអ្នកនយោបាយអតីតបក្សសង្គ្រោះជាតិនេះ គ្រាន់តែជាសត្វខ្លាលាក់ក្រចកនិងធ្វើពុតជាខ្លាកាន់ សីលប៉ុណ្ណោះប៉ុន្តែធាតុពិតនៅពេលពួកគេមានឱកាសពួកគេបានព្យាយាមបំផ្លាញកម្ពុជាគ្រប់រូបភាព ក្រោមលេសនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ក្រោមខ្សែញាក់ និងបានឃុបឃិតជាមួយចៅហ្វាយនាយបរទេសរបស់ខ្លួន ដែលបានសំឡឹងផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយពីកម្ពុជា។
កម្ពុជាពិតជាអរគុណចំពោះប្រទេស និងប្រជាជនទាំងឡាយ ដែលបានជួយកម្ពុជានៅក្នុងការស្តារនិងកសាងប្រទេសឡើងវិញ ប៉ុន្តែកម្ពុជាក៏ត្រូវការរស់ នៅក្នុងសេចក្តីថ្លៃថ្នូរនិងមោទនភាពរបស់ខ្លួនក្នុងនាមជារដ្ឋឯករាជ្យ អធិបតេយ្យមួយ។ កម្ពុជាបានឆ្លងកាត់ឆ្អែតឆ្អន់ហើយនូវការគាបសង្កត់ជិះជាន់ និងការដាក់អាណានិគមពីបរទេសហើយ ពេលនេះកម្ពុជាជា ប្រទេសមួយដែលមានឯករាជភាពពេញលេញ និងមានទំនាក់ទំនង ស្មើមុខស្មើមាត់ ស្មើភាព និងស្មើសិទ្ធិជាមួយប្រទេសនានានៅលើលោក។
ឯកឧត្តម លោកជំទាវ លោក លោកស្រីជាទីគោរព!
ទម្រាំប្រទេសរបស់ខ្ញុំមានសុខសន្តិភាព ការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច និងពលរដ្ឋ មានការងារធ្វើ និងមានប្រាក់ខែសមរម្យ មានជីវភាពធូរធារភាគច្រើន ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបនៅពេលនេះត្រូវឆ្លងកាត់អ្វីខ្លះទេ? ឯកឧត្តម លោក ជំទាវ លោក លោកស្រី ប្រាកដជាបានដឹងអំពីអតីតកាលដ៏ឈឺចាប់របស់កម្ពុជា សោកនាដកម្មដ៏ឈឺចាប់ខ្លោចផ្សាររបស់ប្រជាជនកម្ពុជា ដែលចេញពីការទម្លាក់គ្រាប់បែកជិតបី លានតោនរបស់អាមេរិកមកលើកម្ពុជា ចូលមកដល់របបខ្មែរក្រហមប្រល័យេពូជសាសន៍ ការដាក់ទណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ច ដោយគ្រាន់តែយើងខ្ញុំរួមដៃគ្នាជាមួយកង ទ័ពស្ម័គ្រចិត្តវៀតណាមដើម្បីរំដោះជាតិ និងជីវិតប្រជាជន ចេញពីរបបដ៏សាហាវយង់ឃ្នង់ខ្មែរក្រហមសម្លាប់មនុស្ស។
ជាការពិតភាពរីកចម្រើនរបស់ប្រទេសកម្ពុជាមួយផ្នែក ដោយមានការចូលរួមរបស់សហគមន៍អន្តរជាតិ។ កម្ពុជាពិតជាគោរពចំពោះសមានចិត្តនេះ ហើយកម្ពុជាក៏ធ្វើអ្វីៗទាំងអស់ដើម្បីការពារសុខសន្តិភាពនិងការអភិវឌ្ឍនេះដែរ ដោយទោះក្នុងតម្លៃណាក៏ដោយ ការពារសេចក្តីសុខនិងការរីកចម្រើនរបស់ប្រជាជនខ្មែរ ឱ្យបានគង់វង្ស និងមិនឱ្យក្រុមជនក្បត់ជាតិណាមួយមួយបំផ្លាញបានឡើយ ហើយក៏មិន ឱ្យបរទេសណាមួយលូកដៃកកូរកកាយជ្រៀតជ្រែកលើផ្ទៃក្នុងកម្ពុជាទេ។ ឯកឧត្តម លោកជំទាវ លោក លោកស្រី ខ្លះបានជឿការញុះញង់របស់ក្រុមអ្នកនយោបាយបក្សប្រឆាំងក្រៅច្បាប់ និងបានថ្កោលទោសរដ្ឋាភិបាលនៃប្រទេសខ្ញុំ និងបានវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្សក្នុងប្រទេសខ្ញុំស្លាប់ ឬដើរថយក្រោយជាដើម។ នេះគ្រាន់តែការមើលដើមឈើមួយដើមប៉ុណ្ណោះ ប៉ុន្តែមិនបានមើលព្រៃទាំងមូលឡើយ។
តើក្នុងនាមរដ្ឋាភិបាលនៃ ប្រទេសមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សុខចិត្តឈរឱបដៃឱ្យជនជាតិខ្លួនឃុបឃិតជាមួយបរទេសបំផ្លាញជាតិទេ? សុខចិត្តឱបដៃមើលសន្តិភាព និងការអភិវឌ្ឍ របស់ប្រទេសខ្លួនត្រូវបានគេជាន់ឈ្លី និងបំផ្លិចបំផ្លាញតាមអំពើចិត្តទេ? ពលរដ្ឋកម្ពុជា ពិតជាមិនចង់ឱ្យប្រវត្តិសាស្ត្រដ៏ឈឺចាប់ វិលត្រឡប់មកកម្ពុជាទៀតឡើយ។ អ្នកនយោ បាយបក្សប្រឆាំងមិនបានខ្វល់ខ្វាយនឹងការថែរក្សាសន្តិភាពឡើយ ហើយពួកគេក៏មិនខ្វល់ខ្វាយនឹងការថែរក្សា ឆ្នាំងបាយរបស់ប្រជាជនដែរ។ បើពួកគេគិតពីសុខទុក្ខប្រជាជន ជាងសុខទុក្ខបក្ខពួកខ្លួនឯង ម៉្លេះពួកគេមិនក្បត់ជាតិ និងប្រឆាំងផលប្រយោជន៍ជាតិទេ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
កម្ពុជាធ្លាប់បានថ្លែងប្រាប់ពិភពលោករួចហើយថា ការជ្រើសរើសផ្លូវដើរតាមការកំណត់របស់ប្រទេសលោកខាងលិចមួយចំនួនកាលពីអតីតកាល បានធ្វើឲ្យកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយដ៏អាក្រក់។ បញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យគ្រាន់តែជាលេសមួយដើម្បីបរទេសលូកដៃចូលកិច្ចការផ្ទៃរបស់កម្ពុជា ធ្វើឲ្យប្រទេសធ្លាក់ ចូលគ្រោះមហន្តរាយតែប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ ប្រទេសខ្ញុំ គឺឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងនៅមហាសន្និបាតអង្គការស ហប្រជាជាតិកាលពីខែកញ្ញា ឆ្នាំ ២០១៧ ថា៖ «ប្រវត្តិសាស្ត្របានបង្រៀនកម្ពុជាថា ការជ្រើសរើសផ្លូវដើរតាមការកំណត់របស់ប្រទេសលោកខាងលិចមួយចំនួន ធ្វើឲ្យកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយដ៏អាក្រក់ ហើយការអនុវត្តខ្លះពីខាងក្រៅ ជារឿយៗបានក្លាយទៅជាបញ្ហា មិនមែនជាដំណោះស្រាយនោះទេ»។ រដ្ឋមន្ដ្រីក្រសួងការបរទេសខ្មែរ បានលើកឡើងថា ថ្មីៗនេះកម្ពុជាត្រូវរងការវាយប្រហារដោយសារតែ ខ្លួនបិទវិទ្យាស្ថានអន្ដរជាតិមួយ ដែលមានចេតនាគាំទ្របក្សប្រឆាំង និងរំលោភច្បាប់ ប្រាប់ឲ្យកាសែតបង់ពន្ធជូនរដ្ឋ និងចាប់ខ្លួនមន្ដ្រីបក្សប្រឆាំងម្នាក់ដែលសារភាពថា បានទទួលការបណ្ដុះបណ្ដាលពីមហាអំណាច ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ចំពោះរឿងអស់នេះ លោករដ្ឋមន្ដ្រីចោទសួរថា តើរដ្ឋាភិបាលប្រទេសណា ដែលអត់ឱនឲ្យនោះ? ប្រមុខដឹកនាំបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា បញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនេះ ត្រូវបានយកទៅប្រើប្រាស់ក្នុងគោលដៅនយោបាយ ហើយកម្ពុជាបានរងគ្រោះដោយសារបញ្ហានេះ អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។
រងគ្រោះព្រោះតែសេចក្ដីរាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ដែលតែងតែសរសេរវាយប្រហាររដ្ឋាភិបាលកម្ពុជា ដោយគ្មានការវិនិច្ឆ័យ ថ្កោលទោសរដ្ឋាភិបាល ហើយលើកតម្កើងបក្សប្រឆាំងថាជាអ្នកគោរពសិទ្ធិមនុស្ស និងជាតួឯកនៃអ្នកលើកស្ទួយលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែចំពោះការប្រព្រឹត្តខុសច្បាប់របស់បក្សប្រឆាំងវិញ គេមិនដែលមានឃើញមានសរសេរនៅក្នុងរបាយការណ៍នោះឡើយ បើទោះបីជាបក្សប្រឆាំងនោះ ពន្យុះឲ្យពលរដ្ឋទៅដកបង្គោលព្រំដែន ញុះញង់បង្កើតភាពស្អប់ខ្ពើមជាតិសាសន៍ និងផ្សព្វផ្សាយសន្ធិសញ្ញាព្រំដែនក្លែងក្លាយ និងមានផែនការចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមទម្រង់បដិវត្តន៍ពណ៌យ៉ាងណាក៏ដោយ។ តើស្ថាប័នដែលគេជឿថាជាស្ថាប័នឯករាជ្យ និងវិជ្ជាជីវៈអាចធ្វើឱ្យពិភព លោកខកចិត្តនឹងទង្វើលម្អៀងរបស់ខ្លួនដែរទេ?
កាលដែល ឯកឧត្តម លោកជំទាវ លោក លោកស្រី ស្តាប់តែពីភាគីក្រុមប្រឆាំង ក្រៅច្បាប់ដោយមិនស្តាប់ការពន្យល់បកស្រាយរបស់រាជរដ្ឋាភិបាល ឬធ្វើជាមិនដឹងមិនឮអំពីភាពចាំបាច់នៃតួនាទីអាជ្ញាធររដ្ឋាភិបាល ដែលការ ពារសន្តិភាព និងការអភិវឌ្ឍ និងព្យាយាមធ្វើបុរេវិនិឆ្ឆ័យទៅលើស្ថានការណ៍ទាំងឡាយបានធ្វើឱ្យមុខរបួសនៃការឈឺចាប់ខ្លោចផ្សាររបស់ប្រជាជននៃប្រទេសខ្ញុំរើឡើងវិញ និងមានអារម្មណ៍តូចចិត្តចំពោះទង្វើដ៏អយុត្តិធម៌ របស់បរទេសមួយចំនួនមកលើជនជាតិខ្មែរ។ តើមានដឹងទេថា ការលម្អៀងរបស់ខ្លួន ទៅលើក្រុមអ្នកនយោបាយប្រឆាំងក្បត់ជាតិ គឺហាក់ដូចជាមើលស្រាលលើសំឡេងមតិភាគច្រើននៃប្រជាជនដែលបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេស។ ប្រជាពលរដ្ឋភាគច្រើនបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងបានផ្តល់សិទ្ធិ អំណាចដឹកនាំប្រទេសឱ្យមានការរីកចម្រើន ប៉ុន្តែបក្សដែលមានសំឡេងភាគតិចដូចជាអតីតគណបក្សសង្គ្រោះជាតិដែលមានបរទេសនៅពីក្រោយខ្នងចាំចាត់ចែងកិច្ចការសព្វបែបយ៉ាង បានព្យាយាមយកមតិ ភាគច្រើនធ្វើជាចំណាប់ខ្មាំងនិងបានរំខានដំណើរការ ប្រជាធិបតេ្យនៅកម្ពុជាបង្កឧបសគ្គនៃដំណើររីកចម្រើនរបស់ជាតិ និងភាពសុខសាន្ត របស់ប្រជាជននៃប្រទេសខ្ញុំ។
សមិទ្ធផលដែលកើតឡើងនៅលើទឹកដីកម្ពុជាតាំងពីអតីត កាលរហូតមកទល់នឹងពេលនេះ គ្មានបាតដៃបក្សប្រឆាំង ដែល ឯកឧត្តម លោកជំទាវ លោក លោកស្រីកំពុងតែផ្តល់ក្តីអាណិតអាសូរនេះទេ។ ពួកគេបានប្រើប្រាស់នូវសារ នយោបាយហិង្សា ញុះញង់រើសអើងជាតិ បោកប្រាស់សព្វបែបយ៉ាងដើម្បីទាក់ទាញ ការគាំទ្រពីប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋមិនតិចនាក់ឡើយ ដែលបានខកចិត្តចំពោះការ សន្យាខ្យល់ និងអតីតសកម្មជននេះមិនតិចឡើយ ដែលកំពុងតែជំពាក់បំណុលគេដោយ សារយកប្រាក់មកជួយបក្ស។ ក្រុមអ្នក នយោបាយបក្សប្រឆាំងក្រៅច្បាប់នេះពូកែធ្វើជាជនរងគ្រោះនេះត្រូវបានគេ ដឹងថាជាអ្នកដែលប្រព្រឹត្តអំពើពុករលួយ និងមានរឿងអាស្រូវផ្លូវភេទ ហើយក៏ជាអ្នកកឹបកេងថវិកាបរិច្ចាករបស់សប្បុរសជននិងអ្នកគាំទ្របក្សពីក្រៅប្រទេសយកមកធ្វើមាន ធ្វើបានសម្រាប់ក្រុមគ្រួសារផ្ទាល់ខ្លួនពួកគេ។ ពួកគេមិនសក្តិសមនឹងអ្នកនយោបាយជាទីគោរពឡើយនិងកាន់តែមិនសក្តិសម ក្នុងនាមជាមេដឹកនាំនៃប្រទេសរបស់ខ្ញុំ ព្រោះក្រុមនេះបានឃុបឃិតជាមួយបរទេសគ្រប់កាលៈទេសៈក្បត់កម្ពុជា។
ទោះបីជាលិខិតនេះរាងវែងបន្តិច ប៉ុន្តែនៅតែមិនទាន់អស់សេចក្តីដែលខ្ញុំចង់រៀប រាប់ប្រាប់ឯកឧត្តម លោកជំទាវ លោក លោកស្រីអំពីប្រទេសដ៏កំសត់របស់ខ្ញុំឡើយជាពិ សេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាដើម្បីកសាងជាតិមួយប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍរហូតមកទល់សព្វថ្ងៃនេះ។ កិច្ចខិតខំ ប្រឹងប្រែងទាំងនេះទំនងក៏ឯកឧត្តម លោកជំទាវ លោក លោកស្រី មិនបានស្តាប់ចេញពីមាត់របស់ក្រុមអ្នកនយោបាយប្រឆាំងក្បត់ជាតិមួយចំនួនទេ ដែលបានជួបនោះទេ។ ខ្ញុំជឿថា អ្នកនយោបាយប្រឆាំងដែលមានឈាមជ័រជាខ្មែរដូចខ្ញុំលើកឡើងតែចំណុចអវិជ្ជ មាននិងបរិហារកេរ្តិ៍ឈ្មោះជាតិខ្លួនឯងប្រាប់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុង គោលបំណងតែមួយធ្វើឱ្យអស់លោកជឿលើពួកគេ និងប្រើប្រាស់អំណាច ឥទ្ធិពល និង កេរ្តិ៍ឈ្មោះប្រទេសឯកឧត្តម លោកជំទាវ លោក លោកស្រីដើម្បីប្រឆាំងនឹងប្រយោជន៍ របស់ជនរួមជាតិឯង។ តាមរយៈលិខិតនេះ ខ្ញុំជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងអាចយល់ច្បាស់ អំពីបំណងដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាក្នុងការថែរក្សា សន្តិភាព និងការអភិវឌ្ឍដែលខ្លួនកំពុងតែទទួលផលនេះ ហើយឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់នឹងពិចារណាប្រកប ដោយមនសិការ និងវិចារណាញ្ញាណយុត្តិធម៌ពិត ចំពោះកិច្ចខិតខំប្រឹងប្រែងកសាងជាតិ កសាងសន្តិភាពរបស់រាជរដ្ឋាភិបាល នៃប្រទេសខ្ញុំ និងជនរួមជាតិខ្ញុំចាប់ពីពីគ្រាលំបាកលំបិនរហូតមកទល់នឹងការរីកចម្រើន នៅពេលនេះ។
ខ្ញុំជឿជាក់ថាឯកឧត្តម លោកជំទាវ លោកលោកស្រី នឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អ្នកស្រឡាញ់ និងការពារសន្តិភាព និងការអភិវឌ្ឍ និងបន្តផ្តល់ជំនួយ វិនិយោគ និងទិញទំនិញពីកម្ពុជា ព្រមទាំងចូលរួមថ្កោលទោសព្រមទាំងណែនាំក្រុមអ្នកនយោបាយបក្សប្រឆាំងក្រៅច្បាប់ បំផ្លាញផលប្រយោជន៍ជាតិឱ្យស្រឡាញ់ជាតិ និងប្រជាជនហើយធ្វើនយោបាយប្រកបដោយ សេចក្តីថ្លៃថ្នូរ និងកុំបំផ្លាញជាតិ បើខ្លួនមិនបានជួយជាតិ។
ប្រជាជនកម្ពុជាពិតបានហែលឆ្លងកាត់ឆ្អែតឆ្អន់នូវសង្គ្រាមស៊ីវិលរស់នៅ ក្នុងឈាមនិងទឹកភ្នែក និររាសព្រាត់ប្រាស់ក្រុមគ្រួសារ។ មេរៀននៃការផ្លាស់ប្តូរដែលបស្ទឹមប្រទេស បានបង្ខំឱ្យប្រទេសមួយចំនួន ដូចជានៅតំបន់អារ៉ាប់យកតាមខ្លួន ក៏បានបង្ហាញលទ្ធផលជាក់ស្តែងដែរគឺសង្គ្រាម និងវិនាសកម្ម។ ប្រសិនបើឯកឧត្តម លោកជំទាវ លោក លោកស្រី សម្រេចចិត្តឈប់ផ្តល់ជំនួយ ឈប់វិនិយោគ ឬ ឈប់ទិញទំនិញកម្ពុជា តាមអ្វីដែលជាការញុះញង់របស់ក្រុមអ្នកនយោបាយនៃបក្សប្រឆាំងក្រៅច្បាប់មានន័យថាអស់លោក ក៏កំពុងតែរួមដៃគ្នាជាមួយក្រុមជនក្បត់ជាតិ ដើម្បីវាយកម្ទេចឆ្នាំងបាយប្រជាជននិងចូលរួមសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជានិងលើកទឹកចិត្តក្រុមជនក្បត់ជាតិ ទាំងនេះ បន្តធ្វើសកម្មភាពប្រឆាំងនឹងប្រយោជន៍ប្រជាពលរដ្ឋស្លូតត្រង់បន្តទៀត។ ប៉ុន្តែ ទោះយ៉ាងណា យើងខ្ញុំយល់ឃើញថា ឯកឧត្តម លោកជំទាវ លោក លោកស្រីឈរនៅខាងអ្នកការពារសន្តិភាព និងការអភិវឌ្ឍជានិច្ច៕
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៧