(សៀមរាប)៖ អនុស្សរណៈនៃការយោគយល់ ដើម្បីបង្កើតគម្រោងកិច្ចសហប្រតិបត្តិការ តាមរយ:អង្គភាពអចិន្ត្រៃយ៍ នៃអ្នកជំនាញក្នុងវិស័យជួសជុល និងអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានប្រវត្តិសាស្ត្រផ្សេងទៀត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា រវាងអាជ្ញាធរជាតិអប្សរា និងគម្រោងអាឡឺម៉ង់អភិរក្សទេពអប្សរ ហៅកាត់ថា GACP ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៤ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។
ក្នុងក្របខណ្ឌគម្រោងអប់រំកម្រិតខ្ពស់របស់ TH-Koeln គម្រោងអាឡឺម៉ង់អភិរក្សទេពអប្សរ បានចាប់ផ្តើមពីឆ្នាំ ១៩៩៧ ដោយទទួលការគាំទ្រថវិកាដោយកម្មវិធីអភិរក្សវប្បធម៌នៃក្រសួងការបរទេសអាឡឺម៉ង់។
រហូតមកដល់ពេលនេះ គម្រោងនេះបានអនុវត្តន៍អស់រយៈពេល២០ឆ្នាំក្នុងតំបន់អង្គរ និងរមណីយដ្ឋានផ្សេងទៀតនៅកម្ពុជា ដោយផ្តោតទៅលើការស្រាវជ្រាវ បណ្តុះបណ្តាល ប្រមូលឯកសារ និងការអភិរក្សក្បាច់ចម្លាក់តុបតែងលម្អគ្រប់ប្រភេទនៃប្រាសាទខ្មែរនៅកម្ពុជា ដោយបានសហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
យុទ្ធសាស្រ្តទូទៅរបស់ GACP គឺផ្តោតទៅលើការអភិរក្សនៃគ្រឿងតុបតែងលម្អដ៏មានតម្លៃ នៅអង្គរ និងនៅរមណីយដ្ឋានឯទៀត ដោយសហការយ៉ាងជិតស្និទ្ធជាមួយគម្រោងអប្សរា និងក្រុមអន្តរជាតិជំនាញក្នុងវិស័យពង្រឹងស្ថាបត្យកម្ម ការជួសជុល និងការគាំពារប្រាសាទឡើងវិញ។
អនុស្សរណៈយោគយល់ខាងលើនេះ ជាគ្រឹះដើម្បីធ្វើឱ្យ GACP បង្កើតគម្រោងសហការអចិន្រៃយ៍ រវាងអាជ្ញាធរជាតិអប្សរា និង GACP ក្នុងបំណងថែរក្សាគ្រឿងតុបតែងលម្អប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងទៀតនៅកម្ពុជា។
ក្នុងពិធីចុះអនុស្សរណៈនេះ ក៏មានចែកប័ណ្ណសរសើរការងារដល់អ្នកជំនាញការខ្មែរ ចំនួន ១៧រូប ដែលបម្រើការងារក្នុងគម្រោង GACP របស់អាឡឺម៉ង់ផងដែរ។
គួររម្លឹកថា ផ្តើមពីឆ្នាំ១៩៩៧ គម្រោង GACP បានយកចិត្តទុកដាក់លើការបង្កើតក្រុម អ្នកជំនាញខ្មែរក្នុងវិស័យអភិរក្សដោយទទួលបានការបណ្តុះបណ្តាលស៊ីជម្រៅខាងទ្រឹស្តី និងខាងអនុវត្តន៍ ដែលមានមូលដ្ឋានវិទ្យាសាស្រ្តផ្តល់ដោយអ្នកវិទ្យាសាស្រ្ត និងសមាជិករបស់ GACP៕