(ភ្នំពេញ)៖ ៦៦% នៃប្រជាពលរដ្ឋខ្មែរ ប្រាប់ស្វាមីភរិយារបស់ពួកគេ គ្រប់យ៉ាងអំពីបញ្ហាហិរញ្ញវត្ថុរបស់ខ្លួន ៨៣% នៃស្វាមីភរិយា និយាយថាគោលដៅហិរញ្ញវត្ថុរបស់ពួកគេ គឺទិញគេហដ្ឋាន
ហើយ ៦៤% និយាយថា ការទំនុកបម្រុងហិរញ្ញវត្ថុដល់ការអប់រំដល់កូនៗគឺជាអាទិភាពខ្ពស់ ដើម្បីជាការស្វែងយល់កាន់តែស៊ីជម្រៅអំពីទំនាក់ទំនងក្នុងគ្រួសារ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានបង្ហាញនូវសន្ទស្សន៍ទំនាក់ទំនងព្រូដិនសល (Prudential Relationship Index) ឆ្នាំ ២០១៧ បន្ទាប់ពីបានចេញរបាយការណ៍សន្ទស្សន៍ ដូចគ្នានេះលើកដំបូង កាលពីឆ្នាំ ២០១៦។
សន្ទស្សន៍ PRI បង្ហាញឲ្យឃើញ នូវការប្រាស្រ័យទាក់ទង ក្នុងគ្រួសាររវាងស្វាមីភរិយា កូនៗ មិត្តភក្តិ និងសាច់ញាតិ ហើយស្វែងរកនូវចំណុចល្អ និងចំណុចខ្សោយ នៃការប្រាស្រ័យទាក់ទងសំខាន់ៗ ក្នុងជីវិតរបស់យើង។ ក្នុងនោះទីផ្សារចំនួន៩ ត្រូវបានបញ្ចូលនៅក្នុងការសិក្សាថ្នាក់តំបន់នេះ ដែលមានដូចជាប្រទេសកម្ពុជា ចិន ហុងកុង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
ក្នុងឆ្នាំនេះ ប្រទេសកម្ពុជា បានឡើងមកឈរនៅចំណាត់ថ្នាក់លេខមួយ (ពីលេខ ៤ កាលពីឆ្នាំ២០១៦) ដោយក្លាយជាប្រទេសមានពិន្ទុខ្ពស់បំផុត ៨៦/១០០ បើនិយាយ អំពីការបំពេញសុភម្គងលក្នុងគ្រួសារ។ នេះបង្ហាញថាការប្រាស្រ័យទាក់ទងក្នុងក្រុមគ្រួសារនៅកម្ពុជា បានជួយបំពេញនូវចន្លោះដែលខ្វះខាត និងការសង្ឃឹមទុក បានដល់៨៦។
នាយកប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក David Nutman បានថ្លែង ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៤ធ្នូនេះថា៖ «ក្រុមហ៊ុនព្រូដិនសលកម្ពុជាយល់ច្បាស់ថា ទំនាក់ទំនងក្រុមគ្រួសារ គឺជារឿងសំខាន់ជាងគេ សម្រាប់អតិថិជនរបស់យើង។ ដូច្នេះ នេះជាព័ត៌មានវិជ្ជមានមួយ ដែលជាទូទៅប្រជាពលរដ្ឋខ្មែរ កាន់តែមានភាពសប្បាយរីករាយ ចំពោះទំនាក់ទំនង ក្នុងក្រុមគ្រួសាររបស់ខ្លួន ហើយនៅឆ្នាំនេះ កម្ពុជាបានក្លាយជាប្រទេសជាប់លេខ១ ក្នុងតំបន់អាស៊ី ក្នុងការបំពេញសុភមង្គលក្នុងគ្រួសារ»។
លោក David Nutman បន្ដថា «យើងជឿថា ការដែលការប្រាស្រ័យទាក់ទងក្នុងគ្រួសារបានប្រសើរឡើងនេះ គឺដោយសារតែប្រជាពលរដ្ឋខ្មែរឲ្យតម្លៃ និងព្យាយាមធ្វើឲ្យទំនាក់ទំនងរបស់ពួកគេ កាន់តែល្អជាងមុន ជាពិសេសជាមួយស្វាមីភរិយា។ នៅឆ្នាំនេះ ការរកឃើញរបស់យើងបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរពិភាក្សាជាមួយគ្នាច្រើនជាងមុន ដើម្បីជួយជំរុញទឹកចិត្តគ្នា និងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីកសាងទំនាក់ទំនងក្នុងគ្រួសារឲ្យមានភាពល្អជាងមុន» ។
លោកបន្ដថា លុយកាក់គឺជាប្រភពធំមួយនៃទំនាស់ សម្រាប់គូស្វាមីភរិយាចំនួន ២៥% ក្នុងប្រទេសកម្ពុជា។ បញ្ហាទាក់ទងនឹងលុយកាក់ដែលប៉ះពាល់ខ្លាំងបំផុតទៅលើទំនាក់ទំនងគ្រួសារ រួមមានការចំណាយច្រើនជ្រុល និងដៃគូរកចំណូលមិនគ្រប់គ្រាន់ ។ បន្ថែមលើនេះប្រជាពលរដ្ឋចខ្មែរចំនួន ៧៣% ក៏បារម្ភថាតើពួកគេនឹងអាចសន្សំប្រាក់បានគ្រប់គ្រាន់ឬអត់ សម្រាប់ពេលចូលនិវត្តន៍ និងការចំណាយលើការព្យាបាលជំងឺ។
លើសពីនោះលោក David Nutman បានថ្លែងថា៖ «ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងពិចារណាឲ្យបានហ្មត់ចត់ ទៅលើមតិយោបល់ដែលបានបង្ហាញនៅក្នុងការសិក្សារនេះ ព្រោះលទ្ធផលពីការសិក្សា បានអនុញ្ញាតឲ្យយើងខ្ញុំបានដឹងកាន់តែច្បាស់ជាងមុន អំពីក្តីបារម្ភ និងតម្រូវការរបស់អតិថិជនយើង។ ប្រជាពលរដ្ឋខ្មែរប្រមាណ ៣/៤ បារម្ភពីការសន្សំប្រាក់ ឲ្យគ្រប់គ្រាន់សម្រាប់ការចូលនិវត្តន៍ ហើយពួកគាត់រំពឹងថានឹងប្រើប្រាស់ប្រាក់សន្សំផ្ទាល់ខ្លួន ដើម្បីទំនុកបម្រុងពេលពួកគេចាស់ទៅ។ ការស្វែងយល់ទាំងអស់នេះ អនុញ្ញាតឲ្យយើងរៀបចំបង្កើតផលិតផល និងសេវាកម្មថ្មីៗរបស់យើង ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងបង្កើនគុណភាពនៃទំនាក់ទំនងគ្រួសារ និងគុណភាពជីវិតរបស់អតិថិជនយើង»។
លោក David Nutman បានឲ្យដឹងទៀតថា៖ «ទោះបីជាមានការព្រួយបារម្ភជាទូទៅចំពោះបញ្ហាសុវត្ថិភាពហិរញ្ញវត្ថុក្តី ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានសេចក្តីរីករាយ ដែលមើលឃើញថា ប្រជាពលរដ្ឋខ្មែរភាគច្រើន មានសុទិដ្ឋិនិយម អំពីស្ថានភាពទំនាក់ទំនងគ្រួសារ និងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួននៅប៉ុន្មានឆ្នាំខាងមុខ។ ការប្រឹងប្រែងរបស់លក្រុមគ្រួសារ គឺមានសារសំខាន់ ចំពោះទំនាក់ទំនងគ្រួសារ និងជោគជ័យក្នុងជីរិត ហើយដោយសារប្រជាពលរដ្ឋកម្ពុជាភាគច្រើនកំពុងធ្វើបែបនេះស្រាប់ទៅហើយនោះ យើយក៏មានសុទិដ្ឋិនិយមខ្ពស់ អំពីអនាគតរបស់យើងផងដែរ»។
ភាគច្រើនបំផុតនៃប្រជាពលរដ្ឋខ្មែរ បានលើកឡើងថា ការទិញផ្ទះ ឬផ្ទះល្វែង ជាគោលដៅហិរញ្ញវត្ថុចម្បងបង្អស់របស់ពួកគេ។ ពួកគាត់ជិត ២/៣ និយាយថា ការផ្គត់ផ្គង់ដល់ការអប់រំកូនៗ ក៏ជាអាទិភាពហិរញ្ញវត្ថុចម្បងផងដែរ។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ផ្ដល់នូវផលិតផលសេវាធានារ៉ាប់រងអាយុជីវិត ដែលជួយប្រជាពលរដ្ឋខ្មែរ ឲ្យសម្រេចបានតាមគោលដៅជីវិត និងការពារអនាគតក្រុមគ្រួសាររបស់ខ្លួន៕