(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានចុះទៅត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិវៀតណាមចំនួន៩នាក់ (ប្រុស) ដែលលួចស្នាក់នៅ និងធ្វើការខុសច្បាប់។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងស្ថិតនៅក្នុងការដ្ឋានសំណង់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង៩នាក់ ខាងលើនេះ ត្រូវបានឃាត់ខ្លួនពីបទ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ ហើយបានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕