(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរអាវុធគីមី ក្រសួងការពារជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះថា ក្រុមបច្ចេកទេសអង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ (Organization for the Prohibition of Chemical Weapons - OPCW) បានបញ្ចប់ការចុះពិនិត្យទីតាំង និងវាយតម្លៃសារធាតុគីមី ក្នុងគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិក នៅក្នុងខេត្តមណ្ឌលគិរី និងខេត្តត្បូងឃ្មុំ រួចរាល់ហើយ គិតត្រឹមរសៀលថ្ងៃនេះ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា នៅថ្ងៃស្អែកក្រុមបច្ចេកទេស រួមទាំងឧបករណ៍ធ្វើពិសោធន៍វាយតម្លៃសារធាតុគីមី ដែលដឹកមកពីប្រទេសហូឡង់ នឹងត្រូវបន្តធ្វើប្រតិបត្តិការនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង មុនឈានដល់ការវាយតម្លៃបញ្ចប់ អំពីលទ្ធផលលើគ្រាប់បែកគីមី របស់អាមេរិក នៅខេត្តទាំង៣ខាងលើនេះ។
លោកឧត្តមសេនីយ៍ឯក កេ ដា បានបញ្ជាក់ថា ចំពោះប្រតិបត្តិការនៅខេត្តមណ្ឌលគិរី ក្រុមបច្ចេកទេសរបស់អង្គការ OPCW បានពិនិត្យទីតាំង និងធ្វើពិសោធន៍លើសារធាតុគ្រាប់គីមី១០ទីតាំង នៅក្នុងភូមិ២ គឺភូមិពូហ្យាម និងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។ ចំណែកគ្រាប់បែកគីមី ដែលរកឃើញពីរគ្រាប់ នៅភូមិស្រែសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមការងារបច្ចេកទេស OPCW បានចុះពិនិត្យវាយតម្លៃរួចរាល់ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ។
អគ្គលេខាធិការរងរូបនេះ បានបញ្ជក់ទៀតថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ស្អែកនេះ ក្រុមបច្ចេកទេស OPCW នឹងចាប់ផ្តើមប្រតិបត្តិការ នៅខេត្តចុងក្រោយ គីខេត្តស្វាយរៀង ដែលបានរកឃើញទីតាំងគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិក ជាច្រើនគ្រាប់នីក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍បន្ថែមថា បន្ទាប់ពីបញ្ចប់ការងារនៅខេត្តស្វាយរៀង ក្រុមបច្ចេកទេសនឹងត្រឡប់ទៅរាជធានីភ្នំពេញវិញ ដើម្បីបូកសរុបការងារពិនិត្យ និងវាយតម្លៃចុងក្រោយ។
សូមជម្រាបថា ក្រុមបច្ចេកទេសរបស់អង្គការ OPCW បានមកដល់កម្ពុជា នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីមកពិនិត្យ និងវាយតម្លៃគ្រាប់បែកគីមីដែលទម្លាក់ដោយអាមេរិក តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីរកឃើញគ្រាប់បែកគីមី ជាច្រើនគ្រាប់ និងរួមទាំងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
បើតាមរបាយការណ៍របស់ស៉ីម៉ាក់ អាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះសង្គ្រាមច្រើនឥតគណនា បានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។ ក្នុងនោះសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកនៅកម្ពុជា តាមទិន្នន័យមិនទាន់ពេញលេញ គឺមានចំនួន១១៥,២៧៥ទីតាំង មានការហោះហើរទំលាក់ចំនួន ២៣០,៥៤៤លើក មានចំនួនគ្រាប់ទំលាក់ចំនួន ជាង២លាន៥៩ម៉ឺនគ្រាប់ មានទំងន់ជាង២លាន៨សែនតោន (២,៨០៣,៨៦៨,១៥២គីឡូក្រាម) ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួនជាង២៧លាន៩សែនគ្រាប់។ ដោយឡែកគ្រាប់បែកជាអាវុធគីមី ប្រភេទពណ៌ទឹកក្រូច និងប្រភេទអាវុធគីមីមួយចំនួនទៀត មិនសិ្ថតក្នុងទិន្នន័យនេះនៅឡើយទេ៕