Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប មិនមានការព្រួយបារម្ភអំពីការថយចុះ នៃចំនួនអ្នកទៅចូលរួមបោះឆ្នោតនៅឆ្នាំក្រោយឡើយ

14-12-2017 15:12

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងមិនមានការព្រួយបារម្ភខ្លាំងចំពោះការថយចុះនៃចំនួន​ អ្នកទៅចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នៅចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះទេ ដោយសារតែការចូលរួម ឬមិនចូលរួមក្នុងការបោះឆ្នោត គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗ មិនមែនជាកាតព្វកិច្ចនោះទេ។ នេះបើតាម លោក សោម សូរីដា អគ្គនាយករង គ.ជ.ប ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោក សោម សូរីដា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការបោះឆ្នោត គឺជាសិទ្ធិរបស់ពលរដ្ឋ ដូច្នេះពលរដ្ឋមានសិទ្ធិបោះឆ្នោត ឬមិនទៅបោះឆ្នោត អញ្ចឹងការបោះឆ្នោតរបស់ប្រជាពលរដ្ឋម្នាក់ៗ គឺជាសិទ្ធិ មិនមែនជាកាតព្វកិច្ចនោះទេ»

លោកបានបញ្ជាក់បន្ថែមថា៖ «ចំនួនអ្នកទៅចូលរួមបោះឆ្នោតច្រើនឬតិច មិនសំខាន់នោះទេ សំខាន់នោះគឺគ.ជ.ប បានអនុវត្តដំណើរការរៀបចំការបោះឆ្នោត ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ឬអត់»

ការអះអាងរបស់ មន្រ្តីជាន់ខ្ពស់របស់ គ.ជ.ប បានធ្វើឡើងបន្ទាប់ពីមានអតីតសកម្មជនគណបក្សសង្រ្គោះជាតិមួយចំនួន បានចាប់ផ្តើមបំផុសជាបន្តបន្ទាប់ នៅលើបណ្តាញសង្គមថាពួកគេនឹងមិនចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខនេះនោះទេ បើសិនជាគ្មានគណបក្សសង្រ្គោះជាតិ៕