(កំពង់ស្ពឺ)៖ មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ត្រូវបានផ្តួចផ្តើមដោយ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការណែនាំជាប្រចាំ ឲ្យមានការយកចិត្តទុកដាក់ ចំពោះកម្លាំងក្រោមឱវាទ រួមទាំងគ្រួសារកងកម្លាំង ទាំងជួបការលំបាក និងខ្វះលទ្ធភាព មានជំងឺជាដើម។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាំថវិកា សម្ភារៈ មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ទៅសាកសួរសុខទុក្ខលោកវសេនីយ៍ឯក អ៊ុល រ៉ាស៊ី មេបញ្ជាការរង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅសង្កាត់ផ្សាថ្កូវ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បញ្ជាក់ថា បើទោះបីមិនទាន់អាចបម្រើការជូនអង្គភាពមួយរយៈពេល តែកន្លងមកលោកបានតស៊ូបូជាសាច់ស្រស់ ឈាមស្រស់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ប្រជាពលរដ្ឋ ជូនជាតិ មាតុភូមិ រួមគ្នាពួតដៃក្នុងអង្គភាពដឹកនាំកសាងទទួលបានស្នាដៃកន្លងមកគួរឲ្យកក់សម្គាល់។
មេបញ្ជាការអាវុធហត្ថខេត្ត បានផ្តល់កម្លាំងចិត្តសូមឲ្យថែរក្សាសុខភាព ជាពិសេសជំនាញសុខាភិបាលអង្គភាព បានថែរក្សាជាប្រចាំចំពោះសុខភាព និងតាមដានការវិវត្តនៃជំងឺ។
ជាពិសេសទៅទៀតនោះ កម្លាំងកងរាជអាវុធហត្ថក្រោមការដឹកនាំ និងយកចិត្តទុកដាក់ពី នាយឧត្តមសេនីយ៍ សៅ សុខា ដែលតែងគិតគូរពីសុខទុក្ខ ឲ្យមានការត្រួតពិនិត្យជាប្រចាំ ចំពោះគ្រួសារកងរាជអាវុធហត្ថទាំងអស់មានជីវិភាពខ្វះខាត និងជួបការលំបាក ឲ្យចេះជួយគ្នាទើបកងរាជអាវុធហត្ថ មានមូលនិធិមហាគ្រួសារ សម្រាប់ដោះស្រាយបន្ទាន់ដល់កម្លាំង ដែលជួបបញ្ហាបន្ទាន់ ។