(ភ្នំពេញ)៖ ដោយអនុវត្តន៍នូវតួនាទីភារកិច្ច និងសេចក្តីណែនាំរបស់ប្រធានប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងប្រធានកាំកុងត្រូលរាជធានីភ្នំពេញ លើការ ការពារសុខុមាលភាពប្រជាជន និងសុវត្ថិភាពម្ហូបអារហារ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានបន្ដចុះត្រួតពិនិត្យអនុលោមភាពនៃម្ហូបអាហារ តាមផ្សារទំនើបនានា ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ បាន៦ទីតាំង ដោយធ្វើការដកហូតទំនិញមួយចំនួន ដែលមិនត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាព។
ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញ នៅតាមបណ្តាលផ្សារទំនើប ខាងលើនេះ មន្ត្រីកាំកុងត្រូល បានឲ្យដឹងថា ការធ្វើតេសបឋមទៅលើទំនិញ ដែលមានហាភ័យខ្ពស់ ដើម្បីរកសារធាតុគីមី ហាមឃាត់ និងពិនិត្យស្លាកសញ្ញា និងកាលបរិច្ឆេទ ជាលទ្ធផលពុំឃើញមានសារធាតុគីមីហាមឃាត់ឡើយ និងហួសការកំណត់នោះទេ ហើយមន្ត្រីកាំកុងត្រូល ក៏បានយកគំរូ បន្លែ ផ្លែឈើមួយចំនួន បញ្ជូនទៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីហាមឃាត់ជាបន្ត។
មន្ត្រីកាំកុងត្រូល បានផ្សព្វផ្យាយ អប់រំ ណែនាំដល់អាជីវករ និងអ្នកប្រើប្រាស់ឲ្យយល់ដឹង អំពីសុវត្ថិភាពចំណីអាហារ។ ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល ក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវ តាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿង ប្រើប្រាស់ដែលមាន ផ្ទុកសារធាតុពុល និងម្ហូបអាហារ ហាមការដាក់តាំងផលិតផល ភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
មន្ត្រីកាំកុងត្រូល ក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុន នឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមី ហាត់ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕