Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

News Update: ក្រុម​កម្មករ-កម្មការិនីរោងចក្រ «ហ្គាវ័ន្ដ» ក្រុងតាខ្មៅ យល់ព្រមបើកផ្លូវជាតិលេខ២១បេ ឲ្យដំណើរការចរាចរណ៍វិញធម្មតា នាំគ្នាចូលដោះស្រាយគ្នាក្នុងរោងចក្រ

14-12-2017 14:25

(កណ្ដាល)៖ កម្មករ-កម្មការិនីរោងចក្រ «ហ្គាវ័ន្ដ» ជាង២០០​នាក់ ដែលបិទផ្លូវជាតិលេខ២១បេ នៅភូមិដីថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលជាផ្លូវដ៏សំខាន់សម្រាប់ធ្វើដំណើរ ដើម្បីទាមទារឲ្យថៅកែរោងចក្រ បើកលុយជូនពួកគាត់នោះ គិតត្រឹម ម៉ោង១៖៥០នាទី រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ ពួកគាត់បានយល់ព្រមបើកផ្លូវ ឲ្យធ្វើចរាចរណ៍វិញដូចធម្មតាវិញ បន្ទាប់ពីភាគីថៅកែរោងចក្រ បានស្របសម្រួលឲ្យក្រុមកម្មករទាំងនោះ ចូលក្នុងរោងបរិវេណរោងចក្រ ដើម្បីដោះស្រាយគ្នា។

បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល បានឲ្យដឹងថា នៅម៉ោង១៖៥០នាទីរសៀលថ្ងៃនេះ កម្មករ កម្មការិនី រោងចក្រ ហ្គាវ័ន្ត បានបើកផ្លូវឲ្យធ្វើចរាចរណ៍ដូចធម្មតាវិញ បន្ទាប់ពីបិទផ្លូវអស់មួយព្រឹកមកនោះ។ ការបើកផ្លូវវិញនេះ ព្រោះពួកគាត់យល់ព្រម ចូលក្នុងរោងចក្រដើម្បីដោះស្រាយគ្នា​ជាមួយថៅកែ។ ប៉ុន្តែយ៉ាងណា កម្មករ កម្មការិនី បានអះអាងថា ប្រសិនបើការដោះស្រាយគ្នាមិនបានជោគជ័យ ពោលគឺថៅកែរោងចក្រមិនព្រម បើកលុយឲ្យពួកគាត់នោះ ពួកគាត់នឹង បន្តបិទផ្លូវនេះទៀត។

សូមជម្រាបថា ការតវ៉ានេះត្រូវបានធ្វើឡើងចាប់ពីព្រឹកថ្ងៃទី១៤ ខែធ្នូនេះ ដោយសារតែ​ថៅកែរោងចក្របានកាត់ប្រាក់ព្រីម លុយថ្ងៃ និងលុយធ្វើកូដកម្មនាពេលកន្លង អស់ប្រហែល៦០ដុល្លារ ទៅ៧០ដុល្លារក្នុងម្នាក់។ នៅពេលក្រុមកម្មករ បានធ្វើការ បិទផ្លូវជាតិ២១បេនេះ បណ្ដាលឲ្យមានការកក់ស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ ប៉ុន្ដែក្រោយមកអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចេញជួយអន្ដរាគមន៍ ដើម្បីបញ្ជៀសចរាចរណ៍ដោយឲ្យទៅតាមផ្លូវមាត់ទន្លេ និងផ្លូវក្នុងក្រុងតាខ្មៅ៕