(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួម ក្នុងពិធីបើកសម្ពោធ LG Brandshop សាខាស្ទឹងមានជ័យ ដែលប្រារព្ធឡើងដោយក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន G Gear រួមជាមួយវត្តមាន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងថ្នាក់ដឹកនាំនៃក្រុមហ៊ុន LG ព្រមជាមួយភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។
LG Brandshop សាខាស្ទឹងមានជ័យនេះ គឺជាសាខាទី៧ ដែលមានការដាក់បង្ហាញ និងលក់នូវរាល់ផលិតផលរបស់ LG ទាំងអស់ ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពងសំឡេង ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិក ជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជា ផលិតផលទំនើបៗ និងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG ។
ក្នុងពិធីបើកសម្ពោធ សាខាស្ទឹងមានជ័យថ្មីទី៧ របស់ LG BRANDSHOP នេះ លោក ឃួង ស្រេង បានថ្លែងថា «ខ្ញុំសូមអបអរសាទរ ចំពោះ លោក សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន G Gear និងលោក Bong Soak Kim អគ្គនាយកក្រុមហ៊ុន LG អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត នាំចូលនូវផលិតផល LG មកលក់ ក្នុងរាជធានីភ្នំពេញ ក៏ដូចជាកម្ពុជា ដោយបានបើកឲ្យដំណើរការ នូវ LG BRANDSHOP សាខាស្ទឹងមានជ័យ ដែលជាសាខាទី៧ របស់ខ្លួន នៅពេលនេះជាថ្មីម្តងទៀត បន្ថែមលើសាខាទាំង៦ ផ្សេងទៀត ដែលបានរៀបចំរួចហើយ»។
លោកអភិបាលបន្តថា «ការបើកសម្ពោធសាខាថ្មី LG BRANDSHOP សាខាស្ទឹងមានជ័យថ្ងៃនេះ មិនត្រឹមតែបញ្ជាក់ឲ្យឃើញ ពីការចូលរួមអបអរសាទរ និងការគាំទ្រ ចំពោះកិច្ចការ ធ្វើអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងស្រុកនិងបរទេសប៉ុណ្ណោះទេ ប៉ុន្តែវាជាសក្ខីភាព បញ្ជាក់នូវ សន្តិភាពពេញលេញ របស់ប្រទេសកម្ពុជា ក្នុងករណីដែលប្រទេសមានសង្គ្រាមនោះ ពិតជាគ្មាន ការវិនិយោគ និងការអភិវឌ្ឍន៍នេះ ក៏ជាការឆ្លុះបញ្ជាំងឲ្យឃើញពីរូបភាព ជោគជ័យថ្មីមួយទៀត ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំទាក់ទាញ អ្នកវិនិយោគទាំងអស់ ក្នុងនិងក្រៅប្រទេស ជាពិសេសខិតខំបង្កើន នូវទំនុកចិត្ត និងជំនឿជឿជាក់ ជូនដល់វិនិយោគិន ក៏ដូចជាធុរជន ក្នុងការសម្រេចចិត្តបណ្តាក់ទុនធ្វើអាជីវកម្ម នៅកម្ពុជា សំដៅរួមចំណែកជំរុញឲ្យដំណើរការសេដ្ឋកិច្ច បង្កើនការងារ និងកាត់បន្ថយភាពក្រីក្រ ដល់ប្រជាជនថែមទៀត»។
លោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន G Gear បានថ្លែងថា «LG Brandshop បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ផ្តល់នូវបទពិសោធន៍ថ្មី នៃការលក់ផលិតផល LG បង្កើតនូវបណ្តាញសេវាកម្មអតិថិជនដ៏ល្អ និងជាកន្លែងសម្រាប់ស្វែងយល់ពីបច្ចេកវិទ្យាទំនើបៗ ចុងក្រោយបំផុត ដូចបណ្តាប្រទេសនានាលើពិភពលោក ។ LG Brandshop នឹងនៅតែបន្តតួនាទី និងបេសកម្មរបស់ខ្លួន ដើម្បីកសាងទំនុកចិត្ត និងផ្តល់នូវផលិតផលដែលមានការធានាត្រឹមត្រូវ ជូនអតិថិជនដោយផ្តោតសំខាន់ លើគោលការណ៍ ៣ចំណុច មានទំនេញមានគុណភាព, សេវាកម្មល្អ និងតំលៃសមរម្យ»៕