(ភ្នំពេញ)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ បានថ្លែងបញ្ជាក់ឲ្យដឹងថា ការពង្រឹងគុណភាពអប់រំ ជាពិសេសការអប់រំលើវិស័យបច្ចេកវិទ្យា គឺមានសារៈសំខាន់ណាស់ ក្នុងការធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងបរិបទសមាហរណកម្មអាស៊ាននាពេលបច្ចុប្បន្ននេះ។
ការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍នេះ ធ្វើឡើងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថា នីបតិច(NIPTICT)។
លោករដ្ឋមន្ត្រីបានថ្លែងថា «ការពង្រឹងគុណភាពអប់រំ ជាពិសេសការអប់រំលើវិស័យបច្ចេកវិទ្យា គឺមានសារៈសំខាន់ណាស់ ក្នុងការធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងបរិបទសមាហរណកម្មអាស៊ាននា ពេលបច្ចុប្បន្ននេះ។ ដើម្បីធានាបាននូវការបណ្តុះបណ្តាល បច្ចេកទេសមួយដែលមានគុណភាព វិទ្យាស្ថានជាតិត្រូវរៀបចំកម្មវិធីសិក្សាមួយ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ទីផ្សារការងារ ដោយត្រូវសហការឱ្យបានល្អជាមួយ វិស័យឯកជន»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានសំដែងនូវការកោតសរសើរនឹងអំណរសាទរដល់ក្មួយៗ និសិ្សតជ័យលាភីទាំងអស់ ដែលបានជាប់ការប្រទ្បងប្រជែងចូលរៀនឆ្នាំទី១ នៅវិទ្យាស្ថានជាតិ។ គោលការណ៍នៃការជ្រើសរើសនិស្សិត ឱ្យចូលរៀនតាមរយៈការប្រឡងប្រជែង គឺធ្វើឡើងក្នុងគោលបំណងពង្រឹងគុណភាព អប់រំនៅវិទ្យាស្ថានជាតិ។
ក្នុងឱកាសពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨នេះ ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Viettel ក្រុមហ៊ុន Edotco និងក្រុមហ៊ុន Huawei បានផ្តល់នូវអាហារូបករណ៍ដល់និស្សិតពូកែចំនួនសរុប៤០នាក់ ដើម្បីសិក្សានៅវិទ្យាស្ថានជាតិ។ វិភាគទាននេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់វិស័យឯកជន លើការបណ្ដុះបណ្ដាលធនធានមនុស្ស និងជាពិសេសភាពជាដៃគូររវាងវិស័យឯកជន ជាមួយនិងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល ដែលជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍធនធានមនុស្សប្រកប ដោយគុណភាព និងមាននិរន្តភាព។
លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានអំពាវនាវដល់ក្រុមហ៊ុនទាំងឡាយ ជាពិសេសអស់លោក លោកស្រី តំណាងក្រុមហ៊ុន ដែលធ្វើអាជីវកម្មលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សូមមេត្តាផ្តល់ការគាំទ្រទាំងស្មារតី និងសម្ភារៈដល់វិទ្យាស្ថានជាតិ ដោយផ្ដល់កិច្ចសហការក្នុងការរៀបចំចងក្រងកម្មវិធីសិក្សា ផ្តល់ឱកាសកម្មសិក្សាដល់និស្សិត របស់វិទ្យាស្ថានជាតិ ក៏ដូចជាផ្តល់នូវអ្នកជំនាញបច្ចេកទេស ដើម្បីចូលរួមធ្វើសិក្ខាសិលាចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗដល់និស្សិត។
លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT ថ្លែងថា «វិទ្យាស្ថានជាតិបានធ្វើទំនើបកម្មក្នុងការបង្រៀន ដោយប្រើបច្ចេកវិទ្យា ដូចជាការប្រើប្រាស់ប្រព័ន្ធ e-Learning ជាឧបករណ៍ជំនួយក្នុងការបណ្តុះបណ្តាល អាចអនុញ្ញាតឱ្យនិស្សិតសិក្សាប្រកបដោយប្រសិទ្ធិភាពខ្ពស់ជាងមុន។ វិទ្យាស្ថានជាតិបានដាក់បញ្ចូលនូវសកម្មភាពដទៃទៀតទៅក្នុងកម្មវិធីសិក្សាដូចជា ការស្រាវជ្រាវ នវានុវត្តន៍ និងសហគ្រិនភាពនៅកម្ពុជា ដើម្បីលើកកម្ពស់គុណភាពអប់រំឲ្យកាន់តែប្រសើរឡើងថែមទៀត»។
លោកបណ្ឌិតបន្តថា «គុណភាពអប់រំតែម្យ៉ាងក៏មិនអាចធ្វើឱ្យ ការបណ្តុះបណ្តាលទទួលបានជោគជយ័ដែរ។ យើងត្រូវការស្វែងយល់ពីតម្រូវការទីផ្សារការងារ ដើម្បីយើងអាចផលិតធនធានមនុស្សប្រកបដោយគុណភាពផង និងឆ្លើយតបនិងតម្រូវការរបស់ទីផ្សារការងារផងដែរ។ ដូច្នេះហើយ វិទ្យាស្ថានជាតិ NIPTICT បានធ្វើការសហការជាមួយដៃគូទាំងក្នុងវិស័យអប់រំ និងវិស័យឯកជន ដើម្បីស្វែងយល់ពីតម្រូវការទីផ្សាការងារ ដែលអាចឱ្យយើងអាចកែលម្អ កម្មវិធីសិក្សារស្របតាមតថភាពសង្គមជាក់ស្តែង។ ម្យ៉ាងទៀត និស្សិតជំនាន់ថ្មីដែលបញ្ចប់កាលសិក្សា នៅវិទ្យាស្ថានជាតិ មានលទ្ធភាពឈោងចាប់យកឱកាស ដើម្បីក្លាយខ្លួនជាសហគ្រិនបច្ចេកវិទ្យា នាយុគសម័យឌីជីថល »។
សូមជម្រាបថា NIPTICT គឺជាគ្រឹះស្ថានអប់រំឧត្តមសិក្សាមួយ ដែលបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ២០១៤ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ វិទ្យាស្ថានជាតិមួយនេះ មានបេសកកម្មចំបងចំនួន៣គឺ: ទីមួយផ្តល់ការអប់រំ និងកម្មវិធីបណ្តុះបណ្តាលសម្រាប់សិស្ស និងមន្ត្រីរាជការក្នុងវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច និងភស្តុភា ទូរគមនាគមន៍ និងបណ្តាញ និងវិទ្យាសាស្ត្រកុំព្យូទ័រ។ ទីពីរគឺលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ បេសកកម្មទី៣ គឺលើកកម្ពស់សហគ្រិនភាពវ័យក្មេង ក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ។ ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន NIPTICT បានផ្តល់កម្មវិធីបណ្តុះបណ្តាល លើមុខវិជ្ជាមូលដ្ឋានកុំព្យូទ័រជូន មន្ត្រីរាជការប្រមាណជា៣០០០នាក់ និងកម្មវិធីបរិញ្ញាបត្រជូននិស្សិតចំនួនជាង៥០០នាក់៕