(ព្រះវិហារ)៖ លោក មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតី ប្រគល់វិញ្ញាបនបត្រសំគាល់អចលនវត្ថុ ដល់ប្រជាពលរដ្ឋចំនួន៣,៦៥៦គ្រួសារ ក្នុងឃុំស្រអែម និងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងមន្ត្រីក្រុមការងារជំនាញរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
លោក លីញ យុទ្ធ អភិបាលរងស្រុកជាំក្សាន្ត និងលោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពិសេសប្រជាជនក្នុងភូមិ ចំបក់សែនជ័យ ភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម និងភូមិសុខសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានភ័ព្វសំណាងណាស់ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
លោក មាស សុភា បានលើកឡើងថា បណ្ណ័កម្មសិទ្ធិដីធ្លីជាឯកសាររដ្ឋបាល ដែលបញ្ជាក់ពីសិទ្ធជាម្ចាស់លើក្បាលដីនីមួយៗ ហើយប្រជាពលរដ្ឋដែលទទួលបានបណ្ណ័កម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈ ត្រូវបានការពារដោយច្បាប់។
បន្ថែមពីនេះ លោក មាស សុភា បញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅដឹកនាំរាជរដ្ឋាភិបាល ពន្ធលើដីធ្លីរបស់ប្រជាកសិករ ដែលធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ និងមិនត្រូវបានយកឡើយ។
ដោយឡែក លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា ការចែកបណ្ណ័កម្មសិទ្ធិដីធ្លីសរុប៤,៤៣៥ក្បាលដី ដែលមានផ្ទៃដីទំហំ២៤៣,២៦៨ហិកតា ជូនប្រជាពលរដ្ឋ៣,៦៥៦គ្រួសារ ដោយលោកសំណូមពរឲ្យប្រជាពលរដ្ឋដែលទទួលបានកម្មសិទ្ធិដីធ្លីនៅពេលនេះ ត្រូវថែរក្សាឲ្យគង់វង្សធ្វើការដាំដំណាំផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ត្រូវនៅឲ្យឆ្ងាយពីបទល្មើសផ្សេងៗផងដែរ៕