(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមលោកបណ្ឌិត សភាពចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយនឹងលោក Ivo Barek អនុប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក នៅក្នុងឱកាសដែលលោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃព្រឹទ្ធសភាសាធារណរដ្ឋឆែក មកបំពេញទស្សនកិច្ចនៅកម្ពុជា។
នៅក្នុងជំនួបពិភាក្សានៅ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នាទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានសំដែងនូវការស្វាគមន៍ ដ៏កក់ក្តៅចំពោះ លោក Ivo Barek និងគណៈប្រតិភូដែលបានអញ្ជើញមក បំពេញទស្សនកិច្ចនៅកម្ពុជា ហើយលោក វង្សី វិស្សុត សូមជូនពរដល់គណៈប្រតិភូ ទទួលបានជោគជ័យ និងសូមប្រកប ដោយភាពរីករាយនៅក្នុងឱកាស នៃការបំពេញដំណើរទស្សនកិច្ចនៅកម្ពុជា។
លោក វង្សី វិស្សុត បានថ្លែងថា តាមរយៈដំណើរទស្សនកិច្ចនេះ គឺពិតជានឹងរួមចំណែក ដល់ការពង្រឹកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងកម្ពុជា និងសាធារណរដ្ឋឆែក ឱ្យអាចឡើងដល់កម្រិតថ្មីមួយទៀត នៅក្នុងពេលអនាគត។
នៅក្នុងឱកាសនោះដែរ លោក Ivo Barek បានធ្វើការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងឆែក និងកម្ពុជានៅក្នុងពេលកន្លងមក។ សាធារណរដ្ឋឆែកនឹងបន្ត ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដើម្បីបន្តជួយ គាំទ្រដល់កិច្ចអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា បន្ថែមគម្រោង នៃកិច្ចសហប្រតិបត្តិការ លើវិស័យមួយចំនួន ដែលត្រូវបានអនុវត្តនៅក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឆែក នៅក្នុងពេលកន្លងមក។ ទន្ទឹមនឹងនេះ សាធារណរដ្ឋឆែកនឹងបន្តជួយគាំទ្រ ដល់វិស័យអប់រំកម្ពុជា នៅកម្រិតមធ្យមសិក្សាបឋមភូមិ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិស័យសុខភាព នៅក្នុងផ្នែកសុខភាពមាតានិងទារក ព្រមទាំងបរិស្ថាន និងអនាម័យ។ ឆែកក៏នឹងពិនិត្យ លទ្ធភាព ក្នុងការគាំទ្រដល់កម្ពុជា ក្នុងការដោះមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។ នៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, សាធារណរដ្ឋឆែកនឹងបន្តជំរុញ ឱ្យអ្នកវិនិយោគឆែក ឱ្យមកវិនិយោគកម្ពុជា ហើយនឹងបន្តជំរុញឱ្យប្រជាជនឆែក មកទស្សនាប្រទេសកម្ពុជា ឱ្យបាន កាន់តែច្រើនថែមទៀត។
ដោយឡែកពាក់ព័ន្ធនឹងបញ្ហាបំណុល, លោក Ivo Barek បានលើកឡើងថា ការដោះស្រាយបំណុលដែលកម្ពុជាជំពាក់ឆែក ប្រកបដោយភាពជោគជ័យ នាពេលកន្លងមកនេះ គឺជាគំរូមួយដ៏ល្អ ដែលបណ្តាប្រទេសជាម្ចាស់បំណុលដទៃទៀត គួរយកគំរូតាមការដោះស្រាយបំណុលរវាងកម្ពុជា-ឆែកនេះ នៅក្នុងដោះស្រាយជាមួយ បណ្តាប្រទេសដែលជំពាក់បំណុលខ្លួន។
ជាកិច្ចឆ្លើយតប, លោក វង្សី វិស្សុត បានសំដែងអំណរគុណដល់សាធារណរដ្ឋឆែក ចំពោះការដោះស្រាយបំណុល ដែលកម្ពុជាជំពាក់ឆែកក្នុងពេលកន្លងមក ក៏ដូចជាសមិទ្ធផលទាំងឡាយ ដែលកើតចេញការអនុវត្តគម្រោងប្រើប្រាស់ទឹកប្រាក់ ពីការបង្វែរបំណុលនេះ មកជាហិរញ្ញប្បទានឥតសំណង។
លោកបានលើកឡើងថា ពិតណាស់ថា ទោះបីទំហំនៃទឹកប្រាក់កម្ចីក្នុង ពេលនោះមិនមានធំក្តីតែកម្ចីនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់ការស្តារ និងកសាងកម្ពុជាឡើងវិញចេញ ពីគំនរផេះផង់ក្រោយរបបប្រល័យពូជសាសន៍ប៉ុលពត ខណៈដែលកម្ពុជាត្រូវរងការហ៊ុព័ទ្ធ សេដ្ឋកិច្ចដោយអយុត្តិធម៌នៅពេលនោះ។
លោក វង្សី វិស្សុត ក៏ជម្រាបជូនគណៈប្រតិភូបន្តថា ដោយស្របទៅតាមដំណាក់កាល នៃការអភិវឌ្ឍប្រទេស ចាប់ពីឆ្នាំ២០០៤ ដល់មុនឆ្នាំ២០១៣ កម្ពុជាបានផ្តល់អាទិភាពខ្លាំង ដល់ការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត តែចាប់ពីឆ្នាំ២០១៣ រហូតមក, គឺកម្ពុជាផ្តល់អាទិភាពខ្ពស់ទី១ ដល់ការអភិវឌ្ឍធនធានមនុស្ស។ ជាក់ស្តែង ចាប់ពីឆ្នាំ២០១៣ ដល់២០១៥ បានផ្តល់អាទិភាពដល់វិស័យសង្គមកិច្ច ដោយក្នុងនោះ ចំណាយថវិការបស់ក្រសួងអប់រំ យុវជន និងកីឡាត្រូវបានបង្កើនឡើងរហូតទៅដល់ជាង ៣ ចំណាយក្រសួងសុខាភិបាល ក៏ត្រូវបានបង្កើនពីរដងកន្លះផងដែរ។
លោក វង្សី វិស្សុត ក៏មានប្រសាសន៍សូមស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យគ្រប់វិស័យ ជាពិសេសវិស័យអប់រំ និងសុខាភិបាល រួមទាំងចំពោះគម្រោងគាំទ្រ របស់ឆែក ចំពោះការដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះនៅកម្ពុជា។ លោកក៏សូមសំដែងនូវការ ស្វាគមន៍ ដ៏កក់ក្តៅចំពោះវិនិយោគិនឆែកដែលមានបំណងមកបណ្តាក់ទុននៅកម្ពុជា និងស្នើសុំឱ្យ ប្រជាជន ឆែកមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន។
លោកមានសង្ឈឹមថា ទៅថ្ងៃមុខ នឹងមានប្រជាជនកម្ពុជា អាចមានលទ្ធភាពកាន់តែច្រើនក្នុងការធ្វើដំណើរទៅ ទស្សនាប្រទេសឆែកវិញផងដែរ។
លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តខិតខំគ្រប់បែបយ៉ាង សំដៅធ្វើយ៉ាងណា បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យបន្តកើនឡើងខ្ពស់ជាលំដាប់ ហើយប្រទេសទាំងពីរ នឹងបន្តរួមគ្នាពិនិត្យនូវលទ្ធភាពក្នុងពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យ ផ្សេងៗទៀត ដូចជាវិស័យគាំពារសង្គមជាដើម ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាពដ៍យូរលុង និងកិច្ចសហប្រតិបត្តិការ ឱ្យអាចឡើងដល់កម្រិតថ្មីមួយទៀត ដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ៕