(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ គឺជាខួប ៦២ឆ្នាំហើយ ដែលកម្ពុជាបានក្លាយជាសមាជិកអង្គការសហប្រជាជាតិន (UN)។ ក្នុងថ្ងៃខួប ៦២ឆ្នាំនៃការក្លាយជាសមាជិកអង្គការសហប្រជាជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិភាព និងស្ថេរភាពរបស់ពិភពលោកស្របតាមឆន្ទៈរបស់អង្គការសហប្រជាជាតិ។
ក្នុងសារអបអរសាទរដែលបានបង្ហោះនៅលើទំព័រ Facebook នៅថ្ងៃនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា អង្គការសហប្រជាជាតិ គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។ មកទល់បច្ចុប្បន្ននេះ អង្គការ UN មានរដ្ឋជាសមាជិករហូតដល់ទៅ ១៩៣ប្រទេស រួមទាំងកម្ពុជាផងដែរ។
សម្តេចតេជោ បានបញ្ជាក់ថា គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនឲ្យមានសង្គ្រាមលោក។ ក្នុងនោះ កម្ពុជាបានរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព និងស្ថេរភាព តាមរយៈកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាប្រមាណជា ៥០០០នាក់ ក្នុងរយៈពេល១១ឆ្នាំកន្លងទៅនេះ។
«ជាក់ស្តែង គឺប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថេរភាព ដែលក្នុងរយៈពេល ១១ឆ្នាំនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសបានចំនួនជិត ៥,០០០នាក់ ក្នុងនោះកងទ័ពជាស្ត្រីមាន ២០២នាក់។ កន្លងមក កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវទៅ៨ប្រទេស រួមមានស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល សឺរី សាយប្រឹស ម៉ាលី និងប្រទេសឆាត»។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែម។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត ២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ កាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេ ដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥ គឺ១០ឆ្នាំក្រោយពីអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើង៕