(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ តុលាការរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រម លើសំណុំរឿងស្ត្រីម្នាក់ ដែលបានយក លិខិតផ្ទេរសិទ្ធិដីធ្លីក្លែងក្លាយ ទៅដាក់បញ្ចាំនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបុរីពិភពថ្មី ប៉ុន្តែមិនដឹងកាលបរិច្ឆេប្រកាសពេលណានោះទេ។
ក្នុងកំឡុងពេលសនវការកន្លងមកលោក សេង រិទ្ធី ចៅក្រមជំនុំជម្រះបានថ្លែងថា ជនជាប់ចោទឈ្មោះ គង់ សុវណ្ណមរកត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរគួកជេរដី ជាប់ចោទពីបទ «ប្រើប្រាស់ឯកសារសាធារណៈក្លែង»។
ស្រ្តីជាប់ចោទត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបុរីពិភពថ្មី ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តាមពាក្យបណ្តឹង របស់នាយករដ្ឋបាលសាលាខណ្ឌជ្រោយចង្វារ។ គួររំលឹកថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យ បានយកឯកសារផ្ទេរសិទ្ធិក្លែងក្លាយ ទៅដាក់បញ្ចាំយកលុយនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បុរីពិភពថ្មី ក្រោយមកខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានយកឯកសារនោះ មកផ្ទៀងផ្ទាត់ឯកសារ ដើមនៅសាលាខណ្ឌជ្រោយចង្វារ ទើបដឹងថា ជាឯកសារក្លែងក្លាយ ក៏ប្តឹងសមត្ថកិច្ចតែម្តង។
ស្ត្រីជាប់ចោទបានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០១៥ ខ្លួនជាតំណាងឲ្យក្រុមហ៊ុនរកស៊ីទិញលក់ដីដែលមានភាគហ៊ុន ពីប្រទេសថៃ បានទិញដីចំនួន២កន្លែងជាប់គ្នា នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលមានម្ចាស់ដីឈ្មោះ ដួង គឹមឡាយ និងឈ្មោះ ឯក សន (ដីជាប់ព្រំគ្នា) ក្នុងតម្លៃ១០០០$ ក្នុង១ម៉ែត្រក្រឡា សរុបផ្ទៃដី១៥០០ម៉ែត្រក្រឡា។
ពេលនោះខ្លួនបានកក់ប្រាក់មុនចំនួន២០.០០០០$ (ម្ភៃម៉ឺនដុល្លារ) ឲ្យទៅម្ចាស់ដីដោយបានសន្យាប្រគល់ប្រាក់គ្រប់ចំនួន ក្រោយពេលធ្វើលិខិតផ្ទេរសិទ្ធិរួចរាល់។ ក្រោយពីធ្វើឯកសារផ្ទេរកម្មសិទ្ធិរួចហើយ ខ្លួនពុំមានប្រាក់ ប្រគល់ឲ្យទៅម្ចាស់ដីទេ ដោយសារភាគហ៊ុន នៅប្រទេសថៃ បង្វិលប្រាក់មកមិនទាន់ ទើបខ្លួនបានសុំពន្យាពេល ជាមួយម្ចាស់ដី១លើកជា២លើក តែម្ចាស់ដី ពុំយល់ព្រមរហូតដល់ថ្ងៃផុត កំណត់ប្រាក់កក់ ខ្លួនក៏បានធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីខាងលើ ទៅឲ្យម្ចាស់ដើមដីឈ្មោះ ដួង គឹមឡាយ និងឈ្មោះ ឯក សងវិញ តាមការសន្យាដោយខ្លួន។
ស្រ្តីរូបនេះបានបញ្ជាក់ទៀតថា ប៉ុន្មានខែក្រោយមក ខាងភាគហ៊ុន នៅប្រទេសថៃ បានសួររកលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ដើម្បីគេបង្វិល ប្រាក់មកឲ្យបង្គ្រប់ តែដោយសារខ្លួន ពុំមានឯកសារផ្ទេរសិទ្ធិ កាន់កាប់ដី ទៅបង្ហាញ ភាគីម្ចាស់ប្រាក់ នៅប្រទេសថៃ ហើយភាគីខាងប្រទេសថៃ ចេះតែបង្ខំសួររកឯកសារផ្ទេរសិទ្ធិកាន់កាប់ដីធ្លី។ ពេលនោះ ខ្លួនក៏បានប្រើល្បិចធ្វើឯកសារក្លែងក្លាយ ដើម្បីយកទៅបង្ហាញភាគី នៅប្រទេសថៃឲ្យម្ចាស់ប្រាក់គេជឿទុកចិត្ត ទម្លាក់ប្រាក់មកឲ្យ ហើយខ្លួនក៏បានពឹងពាក់ឈ្មោះ ឌីណា ឲ្យជួយធ្វើឯកសារផ្ទេរសិទ្ធិ។
ក្រោយមកនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ដោយសារតែខ្លួនមានការខ្វះខាតលុយកាក់ ក៏បានយកឯកសារក្លែងក្លាយ មកដាក់បញ្ចាំនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី ហើយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ភ្នាក់ងារខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី បានយកឯកសារខាងលើ មកបញ្ជាក់នៅរដ្ឋបាលសាលាខណ្ឌជ្រោយចង្វារ។ បន្ទាប់ពីធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឯកសារ ដែលតម្កល់ទុក នៅរដ្ឋបាលសាលាខណ្ឌ ឃើញថាឯកសារ ខាងលើមានលក្ខណ:ក្លែងបន្លំ ខុសពីសំណើរដើម ខាងរដ្ឋបាលសាលាខណ្ឌជ្រោយចង្វារ ក៏បានប្តឹង ទៅសមត្ថកិច្ចនគរបាល ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនតែម្តង៕