News Update: គិតត្រឹមវេលាថ្ងៃត្រង់នេះ ក្រុមកម្មករ-កម្មការិនីរោងចក្រ «ហ្គាវ័ន្ដ» ក្រុងតាខ្មៅ នៅបន្ដបិទផ្លូវជាតិលេខ២១បេ ខណៈមិនទាន់មានពន្លឺនៃដំណោះស្រាយ
14-12-2017 12:18
(កណ្ដាល)៖ គិតត្រឹមវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ កម្មករ-កម្មការិនីរោងចក្រ «ហ្គាវ័ន្ដ» ជាង២០០នាក់ បន្ដបិទផ្លូវជាតិលេខ២១បេ នៅភូមិដីថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលជាផ្លូវដ៏សំខាន់សម្រាប់ធ្វើដំណើរដដែល ដើម្បីទាមទារឲ្យថៅកែរោងចក្របើកលុយជូនពួកគាត់។
បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល រហូតមកដល់ពេលនេះ មិនទាន់ពន្លឺនៃការដោះស្រាយ រវាងចៅកែរោងចក្រ ជាមួយនឹងក្រុមកម្មករ កម្មការិនីនៅឡើយទេ ខណៈដែលការបិទផ្លូវកាន់តែធំឡើយ ដោយក្រុមកម្មករបានយកប៉ាតង់មកចងបិទផ្លូវជាដើម។
សូមជម្រាបថា ការតវ៉ានេះត្រូវបានធ្វើឡើងចាប់ពីព្រឹកថ្ងៃទី១៤ ខែធ្នូនេះ ដោយសារតែថៅកែរោងចក្របានកាត់ប្រាក់ព្រីម លុយថ្ងៃ និងលុយធ្វើកូដកម្មនាពេលកន្លង អស់ប្រហែល៦០ដុល្លារ ទៅ៧០ដុល្លារក្នុងម្នាក់។ នៅពេលក្រុមកម្មករ បានធ្វើការបិទផ្លូវជាតិ២១បេនេះ បណ្ដាលឲ្យមានការកក់ស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ ប៉ុន្ដែក្រោយមកអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចេញជួយអន្ដរាគមន៍ ដើម្បីបញ្ជៀសចរាចរណ៍ដោយឲ្យទៅតាមផ្លូវមាត់ទន្លេ និងផ្លូវក្នុងក្រុងតាខ្មៅ។
ក្រោយមានការបិទផ្លូវនេះផងដែរ អភិបាលរងក្រុងតាខ្មៅម្នាក់ បានដឹកនាំមន្រ្តីចុះទៅជួបជាមួយតំណាងរោងចក្រដើម្បីធ្វើការដោះស្រាយ ប៉ុន្ដែគិតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយណាមួយនោះទេ៕