(កំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំដែលមានលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធាន ព្រមទាំងសមាជិក-សមាជិកាសាខាខេត្តទាំងអស់ បានប្ដេជ្ញាអនុវត្តការងារចុះជួយ ប្រជាពលរដ្ឋរងគ្រោះ ជនចាស់ជរាគ្រប់ទីកន្លែង ដោយមិនមានការរើសអើង មិនប្រកាន់និន្នាការឲ្យបានខ្ជាប់ខ្ជួន ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ការប្ដេជ្ញានេះត្រូវបានធ្វើឡើងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ «អ្នកស្ម័គ្រចិត្តដើម្បីអភិវឌ្ឍន៍ខ្លួនអ្នក និងសង្គម» នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា។
លោកស្រី ខ្លូត វណ្ណារ៉ា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្ទឹងសែន បានធ្វើរបាយការណ៍សង្ខេបទាក់ទងនឹងការងារអនុសាខាកាកក្រហមក្រុង រួចមកលោកស្រី សេក ខេងឈីម តំណាងអ្នកស្ម័គ្រចិត្តក្រុងស្ទឹងសែន បានឲ្យដឹងថា តាំងពីសមាជិកទាំងអស់គ្នាទទួលបានការបណ្តុះបណ្តាល និងក្លាយេជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមមក បានឃើញថា កាកបាទក្រហមកម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាសមាគមជាតិដ៏ល្អប្រពៃថ្លៃថ្លាវិសេសវិសាលមួយ ដែលមានបេសកកម្មយ៉ាងឧត្តុង្គឧត្តម ជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះដែលជួបមហន្តរាយដោយធម្មជាតិ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងជួបឧបទ្ទវហេតុចៃដន្យផ្សេងៗ ព្រមទាំងចាស់ជរាគ្មានទីពឹងកុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ដោយមិនមានការរើសអើង ប្រកាន់និន្នាការណាមួយឡើយ ស្របតាមគោលការណ៍ទាំង៧ មានភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។
លោក សុខ លូ បានលើកឡើងថា អ្នកស្ម័គ្រចិត្តគឺជាប្រតិបត្តិករដែលចុះមុនគេបង្អស់ ដោយធ្វើការផ្ទាល់ជាមួយអ្នកងាយរងគ្រោះទាំងឡាយ នៅក្នុងសហគមន៍របស់ខ្លួន និងជាអ្នកដែលប្រើជំនាញរបស់ខ្លួន ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ថែទាំសុខភាព លើកគោលការណ៍គ្រឹះតម្លៃមនុស្សធម៌ វប្បធម៌អហិង្សា អភិវឌ្ឍន៍ធនធាន និងសេវាកម្មមនុស្សធម៌តាមគោលការណ៍គ្រឹះទាំង៧ ហើយអ្នកស្ម័គ្រចិត្ត គឺជាប្រភពធនធានមិនចេះរីងស្ងួតរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅជុំវិញពិភពលោក អ្នកស្ម័គ្រចិត្តជាឆ្អឹងខ្នងនៃចលនា។
លោកក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ និងជានិច្ចកាលកាកបាទក្រហម តែងតែជួយប្រជាពលរដ្ឋ ដែលមានការលំបាក ជាពិសេសគ្រួសារក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងទុរគតជននានា។
លោកបានធ្វើការផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីមានសុខភាពល្អ និងនាំគ្នាលើកកម្ពស់សេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ លើកកម្ពស់យេនឌ័រ លើកកម្ពស់វប្បធម៌អហិង្សា ដើម្បីឈានទៅរកការលប់បំបាត់អំពើហិង្សាលើស្ត្រី និងកុមារ ក្នុងនោះដែរ លោកបានប្រគល់ជូននូវសារុង១ ថវិកា១ម៉ឺនរៀល ដល់អ្នកស្ម័គ្រចិត្តនិងយុវជនស្ម័គ្រចិត្តចំនួន ១២០នាក់ផងដែរ និងបានអញ្ជើញចូលរួមដាំកូនឈើនៅសាខាកាបាទក្រហមថ្មី ដែលនឹងត្រៀមបើកសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ៕