(សៀមរាប)៖ រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមជាមួយសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ តំណាងដោយស្ថាប័នគម្រោងអាឡឺម៉ង់អភិរក្សទេពអប្សរ (German Apsara Conservation Project) បានប្រារព្ធខួប២០ឆ្នាំ (១៩៩៧-២០១៧) នៃកិច្ចសហប្រតិបត្តិការលើកិច្ចការ អភិរក្សរមណីយដ្ឋានអង្គរ នៅការិយាល័យ GACP ស្ថិតក្នុងបរិវេណទីស្នាក់ការអាជ្ញាធរជាតិអប្សរា នៅខេត្តសៀមរាប។
ពិធីនេះរៀបចំឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពីអ្នកជំនាញការជាតិ និងអន្តរជាតិជាច្រើនរូប នៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ។
អភិរក្សទេពអប្សរ GACP បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាផ្លូវការ ជាមួយអាជ្ញាធរជាតិអប្សរាលើកិច្ចការអភិរក្សអង្គរ ក្នុងឆ្នាំ១៩៩៧ ដោយធ្វើការជួសជុលទៅលើចម្លាក់រូបអប្សរា និងអភិរក្សក្បាច់ចម្លាក់តុបតែងលម្អគ្រប់ប្រភេទ នៃប្រាសាទខ្មែរនៅកម្ពុជា រហូតមកដល់បច្ចុប្បន្ន។ ក្រៅពីកិច្ចការអភិរក្សជួសជុល GACP បានរួមចំណែកយ៉ាងសំខាន់ លើការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីបុគ្គលិកខ្មែរជាច្រើនរូប ដោយកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងសាកលវិទ្យាល័យ TH KÖln និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
លោកស្រី ភឿង សកុណា បានលើកឡើងថា ក្រោយពីអង្គរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរា ក៏បានបង្កើតឡើងក្នុងរយៈពេល៣ឆ្នាំបន្ទាប់ ដោយចាប់គូសហការជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីធ្វើកិច្ចការជាច្រើនក្នុងគោលបំណងសង្គ្រោះ និងជួសជុលដល់អង្គរ។
លោកស្រីថ្លែងយ៉ាងដូច្នេះថា «គិតមកទល់នឹងពេលនេះ យើងមានភាពចាស់ទុំទាំងបទពិសោធន៍ ជំនាញ ចំណេះដឹងលើការងារអភិរក្ស និងរបៀបគ្រប់គ្រងសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះជាមូលហេតុដែលយើងនឹងប្រារព្ធខួប២៥ឆ្នាំ នៃអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំនេះ ថ្ងៃនេះយើងពិតជាមានមោទនភាព ដែលបានចូលរួមក្នុងខួប២០ឆ្នាំ នៃកិច្ចសហការរវាងអាឡឺម៉ង់ និងអប្សរាលើការងារអភិរក្សអង្គរផងដែរ»។
លោកស្រីបន្ថែមថា ទាំងនេះគឺជាជោគជ័យដែលមានលក្ខណ:ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក៏ប៉ុន្តែមានរឿងមួយដែលកម្ពុជាត្រូវចង់ចាំនោះ គឺអ្វីៗគ្រប់យ៉ាងដែលមានមកដល់ពេលនេះ គឺផ្តើមចេញពីសន្តិភាព។ ពិតណាស់ សន្តិភាពពេញលេញនៅកម្ពុជាបានធ្វើឲ្យមានការអភិវឌ្ឍ និងធ្វើឲ្យមានការអភិរក្សពេញលេញ ទៅលើសម្បត្តិបេតិកភណ្ឌពិភពលោកអង្គរ។ នេះគឺជាគោលដៅសំខាន់បំផុត ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូលប្រាថ្នាចង់បាន និងចង់រក្សាឲ្យបានគង់វង់ជារៀងរហូតតទៅ៕