(សៀមរាប)៖ គ្រោះអគ្គិភ័យដែលបានឆាបឆេះ នៅស្ថានីយ៍ប្រេងមួយកន្លែង ស្ថិតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប បានរលត់ទៅវិញហើយ នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយមិនបណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរនោះឡើយ។ នេះបើយោងតាមលោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់អង្គភាពព័ត៌មាន Fresh News។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះបានកើតឡើង ដោយសារផ្ទុះធុងហ្គាស់ ហើយបានកើតឡើងនៅខាងក្រោយស្ថានីយ៍ប្រេង។ ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានទៅជួយអន្តរាគមន៍ រហូតបានរលត់ទៅវិញតែម្តង។

ជាមួយគ្នានេះ ក៏មិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ដោយសារតែគ្រោះអគ្គិភ័យនេះទេ៕