(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ, កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តប្រតិបត្តិការ តាមចាប់ខ្លួនជនសង្ស័យសរុប៥នាក់ ជាបន្ដបន្ទាប់ ក្នុងនោះជនជាតិនីហ្សេរីយ៉ា៤នាក់ និងស្ដ្រីខ្មែរម្នាក់ ដែលពាក់ព័ន្ធករណីឆបោកប្រាក់តាមទូរស័ព្ទ ពីស្ដ្រីម្នាក់ដែលមានទីលំនៅក្នុងខណ្ឌសែនសុខ។
ប្រតិបត្តិការបង្ក្រាប នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា និងលោកឧត្តមសេនីយ៍ នឹម ច័ន្ទតាណា ក្រោមការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តកណ្តាលផងដែរ។
មន្ដ្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលបានឃាត់ខ្លួន ទី១៖ឈ្មោះ ILOANYA CLANCYEMEKA អាយុ៣០ឆ្នាំ, ទី២៖ឈ្មោះ MMADU UGONNA អាយុ២៥ឆ្នាំ, ទី៣៖ឈ្មោះ OKWOR GODUAIN CHIMA អាយុ៣៥ឆ្នាំ, ទី៤៖ឈ្មោះ OBI ELXIS KEMECHUKWUY អាយុ៣០ឆ្នាំ និងទី៥៖ឈ្មោះ ស៊ុ ពិសី ភេទស្រី ជាជនជាតិខ្មែរ។
ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញដកហូតបាន ម៉ូតូម៉ាក Honda PCX ១គ្រឿងពណ៌ស+ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1GS-8173, កាត ATM, ប័ណ្ណសម្គាល់យានយន្ត ស្លាកលេខភ្នំពេញ1GS-8173, ប័ណ្ណពត៌មានគណនី និងទូរស័ព្ទ ០៣គ្រឿង ពីឈ្មោះ ស៊ុ ពិសី។ ដោយឡែកកុំព្យូទ័រចំនួន ០៣គ្រឿង, ទូរស័ព្ទចំនួន ០៧គ្រឿង, លិខិតឆ្លងដែនចំនួន០៣, អត្តសញ្ញាណបណ្ណ ២សន្លឹក, កាតគ្រីម៉ូតូ MIO ចំនួន០១សន្លឹក, ស៊ីមកាត១១ស៊ីម (Smart), ស៊ីមកាតបរទេស ០៤ស៊ីម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ពីផ្ទះលេខ២៤ ផ្លូវ២៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកកុំព្យូទ័រ ០១គឿង, ទូរស័ព្ទ ០១គ្រឿងម៉ាកSumsung, ទូរស័ព្ទ០២គ្រឿង, លិខិតឆ្លងដែន ជនជាតិនីហ្សេរីយ៉ា ចំនួន០៣ក្បាល, វិក័យប័ត្រវេប្រាក់មួយចំនួន និងសម្ភារៈមួយចំនួនទៀត ដកហូតពីផ្ទះលេខ១០២ ផ្លូវ២៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សូមជម្រាបថា បើតាមពាក្យបណ្ដឹងរបស់ស្ដ្រីរងគ្រោះ ឈ្មោះ ម៉ុច ចាន់ណារី អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានឲ្យដឹងថា ខ្លួនបានស្គាល់ជនជាតិបរទេសម្នាក់ នៅប្រទេសអង់គ្លេស តែមិនដែលជួបមុខគ្នានោះទេ ហើយក្រោយមកបុរសនោះបានប្រាប់នាងថា គេផ្ញើកាដូឲ្យពីបរទេស រួចនៅថ្ងៃទី១១ ខែធ្នូម្សិលមិញនេះ កាដូនោះបានមកដល់ស្រុកខ្មែរ ដោយតម្រូវឲ្យនាងផ្ញើលុយ១,០០០ដុល្លារ ដើម្បីបើកយកកាដូ។
ស្ដ្រីបញ្ជាក់ទៀតថា បន្ទាប់ពីនាងបានផ្ញើលុយ១,០០០ដុល្លាររួចមក គេបានទូរស័ព្ទមកថាឲ្យនាងផ្ញើលុយ ២,០០០ដុល្លារបន្ថែមថា ពេលនោះទើបនាងសង្ស័យថាត្រូវចាញ់បោកគេ ទើបទៅដាក់ពាក្យបណ្ដឹង នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃតែម្ដង៕