(ភ្នំពេញ)៖ នៅរសៀលម៉ោង៦ល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្អែកនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នឹងរៀបចំការប្រគំតន្រ្តីសម្ពោធថាសចំរៀងថ្មីរបស់លោក យឹង យន ដែលមានឈ្មោះថា «ស្រឡាញ់សហរដ្ឋអាមេរិក៖ ដំណើររបស់ យឹង យន នៅក្នុងសហរដ្ឋអាមេរិក»។
សេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិក ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «កម្មវិធីនេះ បើកជូនសាធារណជន ចូលទស្សនាដោយមិនគិតថ្លៃ ហើយប្រព្រឹត្តទៅនៅមជ្ឈមណ្ឌសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)»។
ទស្សនិកជនម្នាក់ៗ នឹងទទួលបាននូវថាសចំរៀងថ្មីមួយមានចំណងជើងថា «ស្រឡាញ់សហរដ្ឋអាមេរិក៖ ដំណើររបស់ យឹង យន នៅក្នុងសហរដ្ឋអាមេរិក» ("Lovin' USA: Yorn Young's Journey Across America") របស់លោក ដោយឥតគិតថ្លៃ។
សេចក្ដីប្រកាសព័ត៌មានបានបន្ដថា នៅឆ្នាំ២០១៣ លោក យឹង យន បានចូលរួមនៅក្នុងកម្មវិធីផ្លាស់ប្តូរ ផ្នែកតន្រ្តីដែលមានឈ្មោះថា OneBeat នៅក្នុងសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្តូរ នោះ មានការចូលរួម នៃតន្រ្តីករ មកពីទូទាំងពិភពលោក ដើម្បីធ្វើការសហការគ្នា និងបង្កើតបទចំរៀងដើម ហើយត្រូវបានឧបត្ថម្ភដោយសហរដ្ឋអាមេរិក។
លោក យន មានការរំភើបចំពោះការចូលរួមនោះ ហើយបានសរសេរបទចំរៀងខ្មែរចំនួន១១ បទ ជាស្នាដៃដើមរបស់លោក ស្តីពីរដ្ឋនានាក្នុង សហរដ្ឋអាមេរិក ដូចជារដ្ឋ Minnesota, North Carolina និងរដ្ឋ Florida។ ការប្រគំតន្រ្តីនេះ នឹងបង្ហាញបទចំរៀងទាំង១១បទនោះ នៅលើថាសចំរៀង មួយជាលើកដំបូង។ ដើម្បីទស្សនាការប្រគំតន្រ្តីនេះ គេមិនចាំបាច់ធ្វើការចុះឈ្មោះមុនទេ ហើយគេមិនត្រូវការ បង់ប្រាក់សំរាប់ការចូលទស្សនាទេ។
ក្រៅពីនេះទៀត នៅថ្ងៃសុក្រ ពីម៉ោង២រសៀល ដល់ម៉ោង ៣៖៣០រសៀល អ្នកចំរៀងនេះ នឹងដំណើរការសិក្ខាសាលា មួយសំរាប់ ទស្សនិកជនជាក្រុម តូចមួយស្តីពី «អំណាចនៃដូរ្យតន្រ្តី»។ ក្រៅពីនេះទៀត លោកនឹងនិយាយពីអ្វីដែលោកបាន រៀនសូត្រពីកម្មវិធីផ្លាស់ប្តូរនេះរបស់លោក៕