(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា សមិទ្ធិផលសន្ដិភាព និងភាពរីកចម្រើន របស់កម្ពុជា តាំងពីដើម រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺជាកិច្ច ខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា មិនមែនស្នាដៃរបស់បក្សប្រឆាំងនោះឡើយ។ គណបក្សប្រជាជនបើសន្យាហើយ គឺធ្វើទាល់តែបានមិនសន្យាខ្យល់ និងដើរភូតភរបងប្អូនឡើយ។
ការលើកឡើងបែបនេះក្នុងឱកាសដែល លោក ហែម ដារិទ្ធិ និងលោកស្រី អេង គីមហៀប តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីប្តូរ រូបសំណាក់ចាស់របស់ ព្រះភារម្យអ៊ូហៅ តាក្រំង៉ុយ ដើម្បីដាក់រូបសំណាក់ថ្មី និងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងឆ្អឹងដែក នៅត្រង់ចំណុងរង្វង់មូល លោកតាក្រំង៉ុយ ភូមិត្រពាំងអារក្ស សង្កាត់ឪឡោក ខណ្ឌពោធិសែនជ័យ។
ការដ្ឋានស្ថាបនាផ្លូវបេតុងឆ្អឹងដែក ខាងលើនេះ បានរៀបចំធ្វើឡើង នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ដែលមានចំនួន២ខ្សែរួមមាន៖ ក្នុងសង្កាត់ឪឡោក មានប្រវែងសរុប ៣,៥០០ម៉ែត្រ ចាប់ពីចំណុចរង្វង់មូល ព្រះភារម្យអ៊ូហៅ តាក្រំង៉ុយ ទៅកាន់ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ប្រវែង២,៥០០ម៉ែត្រ និងមួយខ្សែទៀត ពីរង្វង់មូលតាក្រំង៉ុយ ទៅកាន់ភូមិព្រៃតាប៉ុក ប្រវែង១,០០០ម៉ែត្រ។
ថ្លែងសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ លោកអភិបាលខណ្ឌ ក៏បានលើកឡើង អំពីការអភិវឌ្ឍន៍ ពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយ កិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា តួយ៉ាងនៅថ្ងៃនេះ សង្កាត់ឪឡោក ទទួលផ្លូវបេតុងឆ្អឹងដែកថ្មីចំនួន២ខ្សែបន្ថែមទៀត ស្ថិតក្រោមគម្រោងថវិកា អភិវឌ្ឍន៍ឆ្នាំ២០១៧ របស់សាលារាជធានីភ្នំពេញ តបតាមសំណូមពររបស់លោកចៅសង្កាត់ និងជាប្រជាពលរដ្ឋតាមរយៈរូបលោកជាអភិបាលខណ្ឌផ្ទាល់។
លោក ហែម ដារិទ្ធិ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្តោយផ្លូវដែលកំពុងស្ថាបនា សូមមេត្តាយោគយល់ដល់ផលប៉ះពាល់បន្តិចបន្តួច ដែលកើតឡើង ក្នុងពេលស្ថាបនា និងស្នើដល់ប្រជាពលរដ្ ឋជួយតាមដានក្រុមហ៊ុន ត្រូវមានទំនួលខុសត្រូវស្ថាបនាផ្លូវនេះ បើមានបញ្ហាត្រង់ប្រការណាមួយដោយមិនប្រក្រតី សូមរាយការណ៍ជាបន្ទាន់ មកកាន់អាជ្ញាធរសង្កាត់-ខណ្ឌ ដើម្បីមានវិធានការ។
លោកអភិបាលខណ្ឌ ក៏បានក្រើនរំលឹក ដល់ក្រុមហ៊ុនដែលទទួលការស្ថាបនាផ្លូវនេះ ធ្វើយ៉ាងណាសូមស្ថាបនាឲ្យបាន ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសសំណង់ និងបានទាន់ពេលវេលា ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង។
លោក ហែម ដារិទ្ធិ សង្ឃឹមយ៉ាងមុតមាំថា ក្រោយផ្លូវ២ខ្សែនេះ ស្ថាបនារួចរាល់ជាសត្ថាពរ និងបានរួមចំណែក ជួយសំរួលរាល់ ការធ្វើដំណើររបស់បងប្អូនបានកាន់តែប្រសើរជាងនោះ ទៅទៀត តំលៃដីធ្លីកាន់តែមានតំលៃខ្ពស់ ហើយកំរិតជីវភាពរបស់ បងប្អូន ក៏បានប្រសើរឡើងផងដែរ មានផ្លូវគឺមានសង្ឃឹម៕