(កណ្ដាល)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ កម្មករ-កម្មការិនីរោងចក្រ «ហ្គាវ័ន្ដ» ជាង២០០នាក់ បាននិងកំពុងបិទផ្លូវជាតិលេខ២១បេ នៅភូមិដីថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលជាផ្លូវដ៏សំខាន់សម្រាប់ធ្វើដំណើរ ដើម្បីទាមទារឲ្យថៅកែរោងចក្របើកលុយជូនពួកគាត់។
បើតាមសេចក្ដីរាយការណ៍ ថៅកែរោងចក្របានកាត់ប្រាក់ព្រីម លុយថ្ងៃ និងលុយធ្វើកូដកម្មនាពេលកន្លង អស់ប្រហែល៦០ដុល្លារ ទៅ៧០ដុល្លារក្នុងម្នាក់។ នៅពេលក្រុមកម្មករ បានធ្វើការបិទផ្លូវជាតិ២១បេនេះ បណ្ដាលឲ្យមានការកក់ស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ ប៉ុន្ដែក្រោយមកអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចេញជួយអន្ដរាគមន៍ ដើម្បីបញ្ជៀសចរាចរណ៍ដោយឲ្យទៅតាមផ្លូវមាត់ទន្លេ និងផ្លូវក្នុងក្រុងតាខ្មៅ។
ក្រោយមានការបិទផ្លូវនេះផងដែរ អភិបាលរងក្រុងតាខ្មៅម្នាក់ បានដឹកនាំមន្រ្តីចុះទៅជួបជាមួយតំណាងរោងចក្រដើម្បីធ្វើការដោះស្រាយ ប៉ុន្ដែគិតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយណាមួយនោះទេ៕