(ភ្នំពេញ)៖ ក្រសួងថាមពល និងរ៉ែ និងប្រទេសកូរ៉េខាងត្បូង បាននិងកំពុងធ្វើការពិនិត្យមើលទៅលើលទ្ធភាព ក្នុងការផលិតថាមពល ដែលប្រើដោយពន្លឺព្រះអាទិត្យ និងខ្យល់ សម្រាប់ការប្រើប្រាស់តាមផ្ទះពលរដ្ឋ នៃទីជនបទដាច់ស្រយាលខេត្តចំនួន៣ ក្នុងប្រទេសកម្ពុជា ក្នុងនោះមានដូចជា ខេត្តខេត្តពោធិ៍សាត់ ខេត្តកណ្តាល និងខេត្តមណ្ឌលគីរី។

លោក អ៊ិត ប្រាំង រដ្ឋលេខាធិកាក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងសិក្ខាសាលា លើសមិទ្ធផលប្រព័ន្ធផលិតថាមពល ដោយពន្លឺព្រះអាទិត្យ និងខ្យល់នៅកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ បានបញ្ជាក់ថា ដោយមើលឃើញពីសក្តានុពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ នៅក្នុងប្រទេសកម្ពុជា និងពិសេសដើម្បីធ្វើការអភិវឌ្ឍន៍ថាមពលអគ្គសនី សម្រាប់ប្រើប្រាស់របស់ប្រជាជនកម្ពុជា នៅតាមជនបទដាច់ស្រយាលរដ្ឋាភិបាល ប្រទេសកូរ៉េ តាមរយៈក្រុមហ៊ុននូរី អេឡេម កូរ៉េ បានសហការជាមួយក្រសួងរ៉ែ និងថាមពល រួមគ្នាសិក្សាលើលទ្ធភាព ក្នុងការប្រើប្រព័ន្ធថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ខ្នាតតូច សម្រាប់ចែកជូនដល់ផ្ទះពលរដ្ឋដាច់ស្រយាល ដែលមិនទាន់មានបណ្តាញអគ្គិសនីប្រើប្រាស់នៅឡើយ។

លោកបន្ថែមថា នាមួយឆ្នាំជាងមកនេះ ការធ្វើតេស្តសាកល្បង បានទទួលលទ្ធផលបានចំនួន៣ប្រព័ន្ធ គឺប្រព័ន្ធសម្រាប់ប្រជាពលរដ្ឋរស់នៅ ក្នុងខេត្តពោធិ៍សាត់ ខេត្តកណ្តាល និងខេត្តមណ្ឌលគីរី។ ប្រព័ន្ធនីមួយៗមានអនុភាព ៥០០ វ៉ាត់ ដែលក្នុងសូឡាមានអនុភាព២០០វ៉ាត់ និងទួរប៊ីនខ្យល់មានអនុភាព ៣០០វ៉ាត់ មានអាគុយទំហំ១០០អំពែម៉ោង ចំនួនពីរ និងឧបករណ៍គ្រប់គ្រងការសាក ភ្លើងពីខ្យល់ និងពន្លឺព្រះអាទិត្យមួយ។

រដ្ឋលេខាធិកាបានបញ្ជាក់ផងថា «គេកំពុងសិក្សាដំឡើងប្រព័ន្ធឱ្យបាន១០០០បន្ថែមទៀត ដើម្បីចែកចាយពលរដ្ឋតាមជនបទ ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ»

លោក Kwan Kyoung Moo នាយកផ្នែកពាណិជ្ជកម្មស្ថានទូតកូរ៉េប្រចាំកម្ពុជា បានឱ្យដឹងថា ដោយមើលឃើញពីកង្វះខាត នៃការប្រើប្រាស់ថាមពលអគ្គិសនី នៅកម្ពុជាក្រុមហ៊ុនប្រទេសកូរ៉េ បានធ្វើការវិនិយោគលើវិស័យនេះ ដើម្បីសំដៅធ្វើយ៉ាងណា ជួយដល់ពលរដ្ឋក្រីក្រកម្ពុជា មានអគ្គិសនីប្រើប្រាស់។

លោកបន្តថា គម្រោងនេះនឹងជួយដល់ពលរដ្ឋកម្ពុជា មិនត្រឹមតែតម្លៃថោកសមរម្យទេ នៅជួយដល់ការគាំពារបរិស្ថាន ឱ្យល្អប្រសើរថែមទៀត។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ ក្រសួងរ៉ែ និងថាមពលបានចុះអនុស្សារណៈនៃការយោគយល់គ្នា មួយជាមួយក្រុមហ៊ុននូរីអេឡេមកូរ៉េ ដើម្បីសិក្សាលើសក្តានុពលថាមលពល កកើតឡើងវិញ សម្រាប់ចែកចាយប្រើប្រាស់ដល់ពលរដ្ឋកម្ពុជា នៅតាមទីជនបទដាច់ស្រយាល់៕