(កំពង់ចាម)៖ អំណោយរបស់លោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម និងជាតំណាងរាស្ដ្រមណ្ឌលកំពង់ចាម តាមរយៈលោក សោ សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយឃុំអូរស្វាយ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ ត្រូវបានប្រគល់ជូនពលរដ្ឋជិត៨០គ្រួសារ ក្នុងមូលដ្ឋានឃុំអូរស្វាយ ស្រុកកំពង់សៀម។
អំណោយរបស់តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ដែលត្រូវបានលោក សោ សាវឿន ប្រគល់ជូនពលរដ្ឋក្នុងឱកាសនោះរួមមាន គ្រួសារសព២គ្រួសារ៖ សពឈ្មោះ ឈួន រេន ភេទស្រី អាយុ៨៩ឆ្នាំ និងសពឈ្មោះ សាយ អូន ភេទស្រី អាយុ៣៩ឆ្នាំ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ២០០,០០០រៀល, ស្ត្រីកូនខ្ចី៦៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាន សារ៉ុង១ ថវិកា១០ម៉ឺនរៀល, គ្រួសារជួបការលំបាក១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា៥ម៉ឺនរៀល។
ក្រៅពីការប្រគល់អំណោយទាំងអស់នេះ លោក សោ សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំអូរស្វាយ ក៏បាននាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក ហ៊ុន ណេង តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាខេត្ត ដែលតែងតែនឹករលឹកដល់ពលរដ្ឋគ្រប់រូប។
សូមជម្រាបថា ការប្រគល់អំណោយនេះ ត្រូវបានប្រគល់ជាប្រចាំដែលស្ដែងចេញពីការយកចិត្តទុកដាក់ របស់គណបក្សប្រជាជនកម្ពុជាខេត្ត និងថ្នាក់ដឹកនាំកំពូល ដែលមិនបណ្ដោយឲ្យពលរដ្ឋណាម្នាក់រងទុក្ខលំបាក ខ្វះខាតនោះឡើយ៕