(កំពង់ចាម)៖ ជនសង្ស័យ៧នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានឃាត់ខ្លួនរួមជាមួយថ្នាំញៀន១៤កញ្ចប់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ នៅចំណុចភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ជាប់ព្រំប្រទល់ភូមិបឹងរៃ ឃុំឬស្សីកែវ ស្រុកព្រៃប្រសព្វ ដោយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃប្រសព្វ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះថា ជនសង្ស័យដែលឃាត់ខ្លួនបាន ដោយដោយប្រើវិធានញុះញង់នោះរួមមាន ទី១៖ ឈ្មោះ តឹក ដារ៉ា អាយុ២៣ឆ្នាំ, ទី២៖ ឈ្មោះ ស៊ិន ចិន្ថា អាយុ២១ឆ្នាំ, ទី៣៖ ឈ្មោះ ប៉ោង វិវ៉ាត់ អាយុ១៧ឆ្នាំ, ទី៤៖ ឈ្មោះ សយ ពៅ អាយុ២២ឆ្នាំ, ទី៥៖ ឈ្មោះ ខុម ឌីណា អាយុ២២ឆ្នាំ, ទី៦៖ ឈ្មោះ រុន ម៉េងហ៊ួរ អាយុ២៣ឆ្នាំ, ទី៧៖ ឈ្មោះ លីន វុទ្ធី អាយុ៣៥ឆ្នាំ។
បើតាមលោកស្នងការ ការឃាត់ខ្លូនជនសង្ស័យទាំង៧នាក់នេះ ដកហូតបាន ម្សៅក្រាមពណ៌ស ចំនួន១៤កញ្ចប់, ទូរស័ព្ទដៃ០៨គ្រឿង, ម៉ូតូ០៥គ្រឿង ថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន និងប្រាក់រៀលមួយចំនួន។ ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕