(ភ្នំពេញ)៖ ទីបំផុតពន្លឺនៃការបង្កើតទូរទស្សន៍កីឡាជាតិ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលេចចេញជាផ្លែផ្កាមួយដំណាក់កាលហើយ ក្រោយរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អាជ្ញាប័ណ្ណដល់ស្ថាប័នកីឡាកំពូលមួយនេះ ក្នុងការរៀបចំបង្កើតស្ថានីយ៍ទូរទស្សន៍កីឡាជាតិ ដើម្បីរួមចំណែកផ្សព្វផ្សាយពីវិស័យកីឡាជាតិឲ្យកាន់តែផុសផុល និងរីកចម្រើនបន្ថែមទៀត។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងសិក្ខាសាលា ស្ដីពីកម្មវិធីអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងគេហទំព័រ នៅទីស្នាក់ការ NOCC នាព្រឹកថ្ងៃទី១៤ ខែធ្នូនេះថា «ពេលនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងរៀបចំដំណើរសាងសង់កន្លែងផ្សព្វផ្សាយរបស់ទូរទស្សន៍កីឡាជាតិ នៅក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានឯកភាព និងផ្ដល់អាជ្ញាប័ណ្ណដល់ NOCC កាលពីពេលថ្មីៗកន្លងទៅ»។
លោកបន្ដថា នេះគឺជាប្រវត្ដិសាស្ដ្រហើយ ដែលកម្ពុជាបានបង្កើតឲ្យមានទូរទស្សន៍កីឡា លើកទី១។ លោករំពឹងថា ទូរទស្សន៍កីឡាជាតិនេះនឹងរួមចំណែកបានច្រើន ក្នុងការងារផ្សព្វផ្សាយ និងបញ្ជ្រាបពីសកម្មភាពកីឡាផ្សេងៗ ទៅដល់ប្រជាពលរដ្ឋ ដែលធ្វើឲ្យវិស័យកីឡាជាតិកាន់តែរីកចម្រើន ពិសេសគឺការរួមគ្នាធ្វើដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្ដង៕