(សៀមរាប)៖ នៅរសៀលថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ ថវិការចំនួន ១៦.៥០០ដុល្លារអាមេរិក ដែលជាថវិការផ្ទាល់របស់លោក វ៉ា ឈូដា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប និងក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការ នៃគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប ត្រូវបានក្រុមការងារ CPP ចុះជូយសង្កាត់ចុងឃ្នៀស ប្រគល់ជូនប្រជាពលរដ្ឋ ចំនួន៦គ្រួសារ ដែលត្រូវបានអគ្គីភ័យ ឆេះបំផ្លាញផ្ទះសម្បែង នាពេលកន្លងទៅ ដើម្បីយកថវិការទាំងនេះ ទៅសាងសង់ផ្ទះឡើងវិញ។
ក្រុមការងារ CPP ដែលបាននាំថវិកាទៅប្រគល់ជូនប្រជាពលរដ្ឋទាំង៦គ្រួសារ នារសៀលថ្ងៃនេះ គឺដឹកនាំដោយ លោក ឈួន ហុក, លោក វ៉ែន ហុក, លោក ភុំ ប៊ុនធេន ដែលជាអនុប្រធានក្រុមការងារ CPP ចុះជួយសង្កាត់ចុងឃ្នៀស រួមនិងវត្តមានលោកចៅសង្កាត់ផងដែរ។
លោកអនុប្រធាន បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយនៅខេត្តសៀមរាបផ្ទាល់ គឺលោក ឃឹម ប៊ុនសុង ជាប្រធានគណៈកម្មាធិការ នៃគណៈបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ចំពោះបងប្អូនប្រជាពលរដ្ឋ ជាក់ស្ដែងនៅពេលនេះ គឺគណៈបក្សប្រជាជនកម្ពុជា បានគិតគូ និងជួយឧបត្ថម្ភ គាំទ្រដល់ប្រជាពលរដ្ឋដែលមានទុក្ខលំបាក តាមគោលការណ៍មនុស្សធម៌។
ក្នុងឱកាសប្រគល់ និងទទួលថវិកានោះផងដែរ បងប្អូនប្រជាពលរដ្ឋទាំង៦គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែលក្នុងនោះមាន លោក ឃឹម ប៊ុនសុង ជាប្រធានគណៈកម្មាធិការ នៃគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប, លោក វ៉ា ឈូដា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ចុងឃ្នៀស, រួមនិងអនុប្រធានក្រុងការងារ ដែលមានសណ្ដានចិត្តដ៏សប្បុរសធម៌ និងមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្ដល់ថវិការ សម្រាប់ឲ្យពួកគាត់មានលទ្ធភាព សាងសង់ផ្ទះសម្បែងឡើងវិញនាពេលនេះ។ ហើយពួកគាត់បានសន្យាថា ពួកគាត់នឹងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ជារៀងរហូតផងដែរ ។
សមត្ថកិច្ចសង្កាត់ចុងឃ្នៀស បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា៖ អគ្គីភ័យនេះ បានកើតឡើងកាលពីវេលាព្រឹកម៉ោង០៩៖០៥នាទីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានកើតឡើងនៅចំនុភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បណ្ដាលឲ្យមានការខូចខាតផ្ទះចំនួន៦ខ្នង និងទ្រព្យសម្បត្តិផងដែរ៕