(ស្វាយរៀង)៖ យោងតាមអនុសាសន៍ របស់លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំឲ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង យកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ជូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាតំបន់រងគ្រោះដោយសារគ្រាប់បែកគីមី ទម្លាក់ដោយសហរដ្ឋអាមេរិកនោះ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានចុះពិនិត្យ ព្យាបាលជំងឺ នៅបរិវេណវត្តគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ។
ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែធ្នូនេះ លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានឲ្យដឹងថា ការពិនិត្យ ព្យាបាលជំងឺនេះ មានការចូលរួមពីក្រុមគ្រូពេទ្យចំនួន២៥នាក់ ដោយបានពិនិត្យ ព្យាបាលជំងឺ ទូទៅសរុប៤២៣នាក់ ហើយបានចែកថ្នាំ និងច្រាសដុសធ្មេញជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាគគីរ ចំនួន៥៥០នាក់ផងដែរ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ក៏បានជម្រាបជូនប្រជាពលរដ្ឋទាំងអស់ថា ដើម្បីងាយស្រួលដល់ការស្វែង រកសេវាសុខភាពដែលនៅជិតផ្ទះ និងកាត់បន្ថយការចំណាយ ហើយនិងពេលវេលា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងសាងសង់មណ្ឌលសុខភាពមួយ ជូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរនេះ។ ការចុះបឋមសិលាសាងសង់មណ្ឌលសុខភាពនេះ ប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ ក្រោមអធិបតីភាព លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច។
សូមជម្រាបថា នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង មន្ត្រីជំនាញរបស់កម្ពុជា បានរកឃើញនូវគ្រាប់បែកគីមីជាច្រើនគ្រាប់ ដែលបង្កទុក្ខទោសយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋជាច្រើននាក់ បានបញ្ជូនទៅមន្ទីរពេទ្យជាបន្តបន្ទាប់ ដើម្បីព្យាបាលជំងឺ ដែលសង្ស័យថា រងផលប៉ះពាល់ដោយសារ សារធាតុគីមីរបស់អាមេរិកនេះ៕