(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ ខ្លួនបានចាប់ផ្តើមបើកឲ្យដំណើរការ គេហទំព័រ www.voterlist.org.kh ដែលមានបង្ហោះបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ផងដែរ។
គ.ជ.ប បានឲ្យដឹងទៀតថា សាធារណជនទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ និងអ្នកដែលបានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ រួចហើយ អាចទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនតាមរយៈគេហទំព័រនេះ (www.voterlist.org.kh ) ក៏បាន ឬអាចទៅពិនិត្យមើលឈ្មោះ និងផ្ទៀតផ្ទាត់ទិន្នន័យរបស់ខ្លួន តាមឃុំ សង្កាត់ ដែលខ្លួនបានចុះឈ្មោះបោះឆ្នោតក៏បានដែរ។
ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ ត្រូវប្រពឹត្តទៅចាប់ពីថ្ងៃទី១៤ ខែធ្នូនេះ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ដែលជាកាលបរិច្ឆេទចុងក្រោយ។
ជាមួយគ្នានេះ គជប នឹងផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតជាផ្លូវការ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨៕