(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់អំណោយជាអង្ករចំនួន៩០តោន ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ដោយអនុសាខានីមួយៗទទួលបាន២៥០ការុង ស្មើនឹង៧តោន និង៥០០គីឡូក្រាម។
នៅក្នុងពិធីប្រគល់ និងទទួលអំណោយជាអង្ករនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានផ្តាំសួរសុខទុក្ខ និងកោតសរសើរដល់អនុសាខាខណ្ឌទាំង១២ ដែលតែងតែបានធ្វើសកម្មភាពជាបន្តបន្ទាប់តាមគោលការណ៍គ្រឹះទាំង៧ ដោយបានចុះជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងអ្នកដែលត្រូវការឱ្យជួយដល់លំនៅឋានក្នុងនោះមាន ចាស់ជរាឥតទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយ អ្នកមានជំងឺរ៉ាំរ៉ៃ អ្នករស់នៅជាមួយមេរោគអេដស៍។ល។
ជាការពិតណាស់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានផ្តល់អង្ករចំនួន៧តោន និង៥០០គីឡូក្រាមនេះ ទៅដល់អនុសាខានីមួយៗ គឺសម្រាប់ឲ្យអនុសាខា យកទៅចាត់ចែងផ្តល់ជូន ដល់អ្នកងាយរងគ្រោះបំផុតចំនួន២៥០គ្រួសារ ក្នុងបូរណភាពទឹកដីនៃខណ្ឌនីមួយៗឲ្យមានប្រសិទ្ធភាព ដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
សូមបញ្ជាក់ជូនថា កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ដល់អនុសាខាទាំង១២ខណ្ឌ បានចំនួន៦លើករួចមកហើយ ដែលថ្ងៃនេះ គឺជាការផ្តល់ជូនលើកទី៧៕