Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងស្នើរដ្ឋាភិបាល ឱ្យយកក្រុងប៉ែកនិរតីប្រទេស ធ្វើជាទីតាំងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឆ្នាំ២០១៩

13-12-2017 19:39

(ភ្នំពេញ)៖ ថ្លែងក្នុងអង្គសន្និបាទបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ក្នុងនាមលោកជារដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងស្នើទៅរដ្ឋាភិបាលយកក្រុងថ្មីមួយនៅប៉ែកនិរតី ប្រទេសកម្ពុជា ធ្វើជាកន្លែង កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឆ្នាំ២០១៩ ប្រហែលខេត្តកែប ឬខេត្តកំពតក៏ល្អដែរ។

លោក សាយ សំអាល់ បានបន្តថា ដូច្នេះហើយលោកនឹងស្នើទៅរាជរដ្ឋាភិបាល ដើម្បីបង្កើតក្រុមការងារមួយ ដែលមានក្រសួងពាក់ព័ន្ធចូលរួមជាពិសេសក្រសួងមហាផ្ទៃ ដើម្បីកំណត់ទិសដៅយកក្រុងប៉ុន្មាន ស្រុកប៉ុន្មាន ដើម្បីធ្វើជាក្រុង និងស្រុកឈានមុខលើផ្នែកបរិស្ថាន។ រយៈពេលថ្មីៗនេះ ទីក្រុងកម្ពុជាយើងបានឡើងទៅទទួលរង្វាន់ទីក្រុងស្អាតក្របខណ្ឌអាស៊ាន ដោយប្រកួតជាមួយក្រុងដទៃទៀតទទួលបានជ័យជំនះដូចជាក្រុងពោធិ៍សាត់ បាត់ដំបង។

លោក សាយ សំអាល់ បានបញ្ជាក់ថា ដូច្នេះទីក្រុងកែប ឃើញថាមានសោភ័ណ្ឌភាពស្រស់ស្អាត ឥឡូវគឺជាឱកាសត្រូវចាប់យកច្រវ៉ាយក មានន័យថាចៅហ្វាយក្រុងនីមួយៗ ស្រុកនីមួយៗត្រូវខិតខំធ្វើយ៉ាងណាបង្កើនគុណភាពបរិស្ថានរៀងៗខ្លួន ហើយអាចឆ្នាំក្រោយក្រសួង នឹងគាំទ្រនូវ គម្រោងរបស់ក្រុង ស្រុកនីមួយៗដោយធ្វើលូ ក៏ប៉ុន្តែក្រសួងមិនទាន់ សម្រេចជ្រើសរើសយកក្រុងមួយណា ឲ្យច្បាស់លាស់នោះទេ គឺរងចាំការសម្រេចរបស់រាជរដ្ឋាភិបាលជាមុនសិន៕