(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបទៅនឹង ការប្រកាសកាត់ផ្តាច់ជំនួយរបស់សហគមន៍អឺរ៉ុប មកលើការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។
ជាមួយនឹងការសម្តែងការសោកស្តាយ នៅសេចក្តីថ្លែងការណ៍របស់គ.ជ.ប ក៏បានបញ្ជាក់ជូនសហគមន៍អឺរ៉ុបចំនួន៣ចំណុចដូចតទៅ៖
១៖ សហភាពអឺរ៉ុប គួរតែយល់ថា គ.ជ.ប អនុវត្តការងារជាអ្នកបច្ចេកទេស ហើយសហភាពអឺរ៉ុបមិនត្រូវយករឿងរបស់តុលាការ និងបញ្ហានយោបាយមកដោះស្រាយជាមួយនឹងការងារបច្ចេកទេសរបស់គ.ជ.បនោះទេ។
២៖ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ គ.ជ.ប នៅតែរក្សាគោលដៅចម្បងទាំងពីរ ដែលគ.ជ.ប បានអនុវត្តក្នុងការបោះឆ្នោតឆ្នាំ២០១៧ កន្លងមកនេះដដែល នោះគឺពលរដ្ឋខ្មែរ ត្រូវមានឈ្មោះត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត ហើយសិទ្ធិសម្តែងមតិតាមរយៈសន្លឹកឆ្នោត ត្រូវតែបានរាប់យ៉ាងត្រឹមត្រូវបំផុត គ្មានលម្អៀងទៅរកគណបក្សនយោបាយណាមួយនោះទេ។ ហើយក៏ដោយសារតែ គ.ជ.ប អនវុត្តបានដូចគោលដៅទាំងពីរខាងលើនេះហើយ ទើបសហភាពអឺរ៉ុបវាយតម្លៃក្នុងសេចក្តីថ្លែងការណ៍ព័ត៌មាន ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ របស់ខ្លួនថា៖ «សហភាពអឺរ៉ុបរីករាយក្នុងការគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ របស់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយថា ត្រូវបានរៀបចំដោយគ.ជ.ប ប្រកបដោយវិជ្ជាជីវៈ ព្រមទាំងមានស្តង់ដារ តម្លាភាព និងកម្រិតទុកចិត្តខ្ពស់។ អត្រាអ្នកទៅបោះឆ្នោតមានកម្រិតខ្ពស់ គឺជាសញ្ជានៃភាពជឿទុកចិត្តទៅលើប្រព័ន្ធបោះឆ្នោត ហើយលទ្ធផលនៃការបោះឆ្នោតត្រូវបានមើលឃើញថា បានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់អ្នកបោះឆ្នោត។ ហេតុនេះ តើមានហេតុផលអ្វីដែលអាចវាយតម្លៃគ.ជ.បថា ការបោះឆ្នោត ឆ្នាំ២០១៨ ខាងមុខ មិនមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ទៅវិញ? បើមេដឹកនាំគ.ជ.ប នៅដដែល? សមាជិកគ.ជ.ប ភាគច្រើននៅដដែល? មន្រ្តីគ.ជ.ប រាប់រយនាក់នៅដដែល?
ទី៣៖ សហប្រតិបត្តិការរបស់គ.ជ.ប កន្លងមកជាមួយគ្រប់ភាគីពាក់ព័ន្ធ គឺប្រកបដោយសុឆន្ទៈ បង្ហាញឱ្យឃើញផ្ទាល់ភ្នែកពីតម្លាភាព ដែលគ.ជ.ប រៀបចំការបោះឆ្នោតនេះ ហើយលទ្ធផលបានបង្ហាញយ៉ាងច្បាស់ពីសាធារណមតិជាតិ និងអន្តរជាតិរួចទៅហើយដែរ។ ខាងមុខនេះ គ.ជ.ប នៅតែបន្តរក្សាជំហរដដែល ហើយនៅតែស្វាគមន៍តែចំពោះជំនួយអន្តរជាតិណា ដែលប្រកបដោយសុឆន្ទៈពិតប្រាកដ។
គ.ជ.ប ក៏បានបញ្ជាក់ដែរថា ខ្លួនបានគ្រោងថវិកាគ្រប់គ្រាន់សម្រាប់ការរបៀចំការបោះឆ្នោតនេះ រួចរាល់ហើយ។ ការសម្រេចរបស់សហភាពអឺរ៉ុបជាសិទ្ធិយល់ឃើញរបស់សហភាពអឺរ៉ុប រីឯសេចក្តីថ្លែងការណ៍ខាងលើ ជាសិទ្ធិយល់ឃើញរបស់គ.ជ.បដែរ។
សូមបញ្ជាក់ថា សហភាពអឺរ៉ុប កាលពីម្សិលមិញ បានប្រកាសព្យួរជំនួយរបស់ខ្លួនសម្រាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលការផ្អាកនេះ ធ្វើឡើងបន្ទាប់ពីមានការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ នៅក្នុងសេចក្តីប្រកាសរបស់សហគមន៍អឺរ៉ុប បានគូសបញ្ជាក់ថា ការសម្រេចរំលាយ គណបក្សសង្រ្គោះជាតិ និងការបែងចែកអាសនៈរដ្ឋសភា និងក្រុមប្រឹក្សា ឃុំ/សង្កាត់ ទៅឲ្យគណបក្សដទៃ គឺជាការបដិសេធចោល ការជ្រើសរើសរបស់ពលរដ្ឋដែលបានបោះ ឆ្នោតជូនគណបក្សនេះ នៅក្នុងការឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧៕