(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ បានស្នើឲ្យមេភូមិ មេឃុំ ចៅសង្កាត់ ជាពិសេសស្មៀនឃុំ-សង្កាត់ ដែលជាឪពុកម្តាយនៅជិតបំផុតជាមួយ ប្រជាពលរដ្ឋ ត្រូវផ្តោតការយកចិត្តទុកដាក់ ជួយដល់ពួកគាត់ឲ្យអស់ពីសមត្ថភាព ឲ្យដូចជាឪពុកម្តាយទី២ ដោយបានសង្កត់ធ្ងន់ថា ភាពសុខសាន្តនៅក្នុងសង្គមជាតិ ក៏ដូចក្នុងសង្គមគ្រួសារ គឺផ្តើមចេញពីយើងចេះយោគយល់អធ្យាស្រ័យគ្នា។
លោកអភិបាលខេត្ត បានស្នើសុំដូច្នេះ ក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តន៍ផែនការសកម្មភាព ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះត្រូវបានប្រារព្ធបើកក្រោមអធិបតីភាពលោក ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងស្មៀនទាំង៤៩ឃុំ សង្កាត់ ទូទាំងខេត្តផងដែរ។
លោក មោក កោ អនុប្រធានអចិន្ត្រៃយ៍សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ និងជាមេឃុំស្នាអន្សា បានជម្រាបជូនថា កិច្ចប្រជុំនេះ មានគោលបំណងត្រួតពិនិត្យ បូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០១៨ របស់សមាគមក្រុមប្រឹក្សា ស្រុក ក្រុង ឃុំ សង្កាត់ ដែលនឹងធ្វើការពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ បញ្ហាប្រឈម និងការអនុវត្តនូវផែនការសកម្មភាព។
លោកបានបន្តថាសមាគមក្រុមប្រឹក្សាឃុំ-សង្កាត់ បានបង្កើតឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលបច្ចុប្បន្នបានពង្រីកសមាជិកភាព ដល់ក្រុមប្រឹក្សា ក្រុង ស្រុក តាមរយៈមហាសន្និបាត កាលពីឆ្នាំ២០១៣មកម្ល៉េះ។ លោកបានបន្តទៀតថា ការបង្កើតសមាកមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នេះឡើង ក្នុងគោលបំណងលើកកម្ពស់ឋានៈ អភវឌ្ឍន៍សមត្ថភាពដល់ក្រុមប្រឹក្សា ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក កសាងភាពជាដៃគូរ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជម្រុញការអនុវត្តន៍លទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា។
លោក សំរិទ្ធ អេង ប្រធានអចិន្ត្រៃយ៍សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ និងជាប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ក្នុងការអនុវត្តន៍គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានធ្វើការជាមួយមន្ទីរជំនាញ និងអង្គការដៃគូរ ទទួលបានលទ្ធផលល្អប្រសើរដូចជា សហការជាមួយទីប្រឹក្សាខត្ត ទីចាត់ការផែនការ និងវិនិយោគខេត្ត រតនាគារខេត្ត និងថ្នាក់ដឹកនាំ ក្រុង ស្រុក។ រៀបចំប្រជុំផ្សព្វផ្សាយ ស្តីពីក្រមសីលធម៌ និងប្រកាសសាខាសមាគមទាំង០៦ ក្រុង ស្រុក។ ផ្សព្វផ្សាយអនុក្រិត្យ ស្តីពីឯកសណ្ឋានការងារ និងសញ្ញាស័ក្តិសម្រាប់សម្គាល់មេឃុំ ចៅសង្កាត់ ចៅសង្កាត់រង ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់។ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបំពេញបន្ថែមអនុគណនី នៅក្នុងឧបសម្ព័ន្ធ១ និង៣ នៃមាតិការគណនី។
ក្នុងកិច្ចបើកអង្គប្រជុំនោះលោក ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត បានកោតសរសើរ ដល់សម្ព័ន្ធភាពជាតិ និងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលបានខិតខំស្វែងរកកិច្ចអន្តរាគមន៍ ពីគ្រប់បណ្តាក្រសួងពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ឲ្យមកចូលរួមផ្តល់ការអភិវឌ្ឍសមត្ថភាព ដល់ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំសង្កាត់ នៅខេត្តពោធិ៍សាត់យើងនេះ។ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ជាស្ថាប័នមួយដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងជម្រុញដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការអនុវត្តន៍អភិបាលកិច្ចល្អ នៅថ្នាក់មូលដ្ឋាន។
ក្នុងកិច្ចបិទអង្គប្រជុំ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមមានមតិជម្រុញ ឲ្យសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ត្រូវធ្វើការងារកសាងសមត្ថភាព លើបច្ចេកទេស និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ដើម្បីទទួលយកមុខងារ ធនធានដែលរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់កណ្តាលផ្ទេរទៅឲ្យ។ ត្រូវយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ លើការធ្វើអត្រានុកូលដ្ឋាន ដោះស្រាយរាល់បញ្ហាប្រឈមរបស់ពួកគាត់ ចៀសវាងការប្រកាន់បក្សពួក គ្រួសារនិយម និងការប្រព្រឹត្តអំពើពុករលួយជាដើម។ អំណាចបានមកពីប្រជាពលរដ្ឋ ជាអ្នកបោះឆ្នោតឲ្យ ដូច្នេះត្រូវបម្រើប្រជាពលរដ្ឋឲ្យបានដិតដល់ ក្នុងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានជូនវត្ថុកំដរដៃ ដល់អ្នកចូលរួម ក្នុងម្នាក់ៗទទួលបាន សារុង១ និងថវិកា ២ម៉ឺនរៀល និងបន្តផ្តល់ស្បៀងផ្ទាល់ដៃ ជូនដល់ជនចាស់ជរា គ្រួសារក្រីក្រ និងក្រុមគ្រួសារម៉ូតូឌុប ដែលមានជីវភាពខ្វះខាត បានជិត៣០០នាក់ផងដែរ៕