(កំពង់ធំ)៖ ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ ១៦៨៨ គ្រោងចំណាយថវិកាពី២-៣លានដុល្លារអាមេរិក ដើម្បីត្រៀមប្រមូលទិញ ស្រូវសែនក្រអូប ឲ្យបាន៥ពាន់តោន នារដូវប្រាំងឆ្នាំនេះ ពីសហគមន៍ស្រែប្រាំងកសិកម្មកម្ពុជា ខេត្តកំពង់ធំ ដែលប្រមូល ផ្ដុំទៅដោយក្រុមកសិករ។
ដំណឹងដ៏ពិសេសនេះ ត្រូវបានលើកឡើងក្នុង កិច្ចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងលោក សុផារិទ្ធ តំណាងក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ជាមួយលោក ហង់ សុគន្ធ តំណាងសហគមន៍ស្រែប្រាំងកសិកម្មកម្ពុជា ក្រោមអធិបតីភាពលោក ងួន សុជាតិ អភិបាលរងខេត្តកំពង់ធំ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារក្លរៀស ស្ថិតក្នុង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការចូលរួមពីកញ្ញា ចាន់ ផលលឿន នាយិកាគម្រោងជំរុញផលិតកម្មស្បៀង លោក ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងតំណាងសហគមន៍កសិកម្មផលិតស្រូវចំណីទាំង១២ ក្នុងខេត្តកំពង់ធំ និងសៀមរាបជាង ១០០នាក់។
លោក សុផារិទ្ធ បានឲ្យដឹងថា ការចុះអនុស្សរណៈរបស់ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវជាមួយសហគមន៍ នឹងចូលរួមកាត់បន្ថយ ភាពក្រីក្រ និងបង្កើនការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយនៅឆ្នាំដំបូងនេះ ក្រុមហ៊ុនគ្រោងចំណាយថវិកាចាប់ពី ២-៣លានដុល្លារអាមេរិក សម្រាប់ទិញស្រូវចំនួន៥ពាន់តោន និងគ្រោងសម្រាប់ឆ្នាំបន្ទាប់ និងមានការពង្រីកបន្ថែមទៀត។ រោងម៉ាស៊ីនកិនស្រូវនេះ មានទីតាំងនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍ កសិកម្មស្រែប្រាំខេត្តកំពង់ធំ។
លោក ហង់ សុគន្ធ បានលើកឡើងថា សមាគមរបស់លោកបង្កើតឡើងក្នុងគោលបំណងជួយពង្រឹងសមត្ថភាពសមាគម ក្នុងការ ធ្វើអាជីវកម្មរួមគ្នា ដើម្បីផ្គត់ផ្គង់ខ្សែសង្វាក់ផលិតកម្មកសិកម្មនានា ក្នុងទិសដៅលើកកម្ពស់វិស័យកសិកម្មកម្ពុជា និងបង្កើនផលចំណូលដល់សមាជិកសហគមន៍ ប្រកបដោយនិរន្តរភាព តាមរយៈការទទួលបានឥណទាន ដែលមានអត្រា ការប្រាក់ទាប និងបត់បែនទៅតាមចរិតលក្ខណៈនៃអាជីវកម្ម។
លោក សុគន្ធ បន្តថា ជាជំហានដំបូង ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ ១៦៨៨ នឹងទិញស្រូវសែនក្រអូប មានចំនួន៥ពាន់តោន ហើយប្រសិនបើរោងម៉ាស៊ីនមានតម្រូវការលើសពីនេះទៀត ក៏សហគមន៍ផ្គត់ផ្គង់ជូនបាន។
លោក ងួន សុជាតិ បានបញ្ជាក់ថា ផ្ទៃដីដាំដុះស្រូវវស្សា ស្រូវបណ្តេញទឹក និងស្រូវប្រាំងក្នុងខេត្តកំពង់ធំ មានរហូតទៅដល់ ៤៣ពាន់ហិកតា ក្នុងនោះផ្ទៃដីដាំដុះស្រូវបណ្តេញទឹក និងស្រូវប្រាំងមានចំនួន ២៨,១៣៤ហិកតា។
លោកអភិបាលរងខេត្តបានបន្តថា កិច្ចសហប្រតិបត្តិការនេះ ក៏បានផ្តល់នូវភាពងាយស្រួលដល់ប្រជាកសិករ លក់ទិន្នផល ស្រូវរបស់ពួកគាត់ ដែលក្នុងពេលកន្លងមក កសិករតែងតែមានការត្អូញត្អែថា ទិន្នផលរបស់ពួកគាត់ផលិតបានគ្មានទីផ្សារ ពិតប្រាកដ។ ដើម្បីចូលរួមចំណែកជំរុញវិស័យកសិកម្មនេះឲ្យបានជោគជ័យ ទាល់តែផ្តើមចេញពីក្រុមហ៊ុន ដែលមាន សក្តានុពល ក្នុងការផលិត ចាប់ពីផលិតរហូតដល់កិន ហើយនាំចេញដោយខ្លួនឯង នេះជាការចូលរួមចំណែកដ៏សំខាន់បំផុត ក្នុងការជួយស្តារវិស័យស្រូវអង្ករនៅកម្ពុជា៕