(ភ្នំពេញ)៖ ក្រុមសហជីពចំនួន៣ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានស្នើឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក នៅតែបន្តទិញសំលៀកបំពាក់ និងអនុគ្រោះពន្ធដល់ការនាំចូលពីកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់ ជីវភាពកម្មករខ្មែរ។
ក្រុមសហជីពទាំងបីនោះ រួមមាន សហព័ន្ធសហជីពមិត្តភាពកម្មករ (WFUF) សម្ព័ន្ធសហជីពជាតិ(NTUC) និង សហព័ន្ធ សហជីពដើម្បីកម្មករ (TUFW)។
សំណូមពរបស់ក្រុមសហជីពទាំងបី បានធ្វើឡើងបន្ទាប់ពីមានការព្រមានដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហគមន៍ អឺរ៉ុប លើវិស័យកាត់ដេរកម្ពុជា ដូចជាការមិនអនុគ្រោះពន្ធដល់ការនៅចូល និងជំរុញមិនឱ្យមានការទិញសំលៀកបំពាក់ ពីកម្ពុជាជាដើម។ ការព្រមានបែបនេះ ធ្វើឡើងក្រោយពីតុលាការកំពូលកម្ពុជា បានកាត់ទោសរំលាយ គណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេស ផ្តួលរំលំរាជរដ្ឋាភិបាល។
តាមរយៈលិខិតដែលបានផ្ញើទៅកាន់ស្ថានទូត នៃសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក, សហជីពទាំងបី បានសម្តែងការ ព្រួយបារម្ភចំពោះស្ថានភាពនយោបាយពេលនេះ ដែលនឹងជះឥទ្ធិពលអាក្រក់មកលើវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបរបស់កម្ពុជា ដែលមានកម្មកររាប់សែននាក់ពឹងផ្អែកលើវិស័យនេះ។
សហជីពបានបញ្ជាក់នៅក្នុងលិខិតរបស់ពួកគេយ៉ាងដូច្នេះថា៖ «ក្នុងនាមយើងខ្ញុំជាថ្នាក់ដឹកនាំ សហព័ន្ធសហជីពឯករាជ្យ ដែលធ្វើការងារជាមួយកម្មករនយោជិត មិនពាក់ព័ន្ធនឹងគណបក្សនយោបាយ យើងខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហានេះ ដែលវាអាចជះឥទ្ធិពលអាក្រក់មកលើកម្ពុជា ជាពិសេសលើវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប រួមទាំងផលិតផលមួយចំនួនទៀតដែលនាំចូលសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិច ប្រសិនបើគេ ទាញជាចំណាត់ខ្មាំង នៃបញ្ហានយោបាយរបស់កម្ពុជាដែលនាំឲ្យកម្មករនយោជិត និងប្រជាជនរាប់លាននាក់បាត់បង់ ការងារ និងប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារ»។
ជាមួយគ្នានេះ សហជីពក៏បានស្នើចំនួន២ចំណុច ទៅកាន់សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិករួមមាន៖
១៖ ស្នើសុំបន្តការអនុគ្រោះលើការនាំចូលសម្លៀកបំពាក់ ស្បែកជើង និងកាបូប រួមទាំងផលិតផលមួយចំនួនទៀត ដែលនាំចូលទីផ្សារសហគមន៍អឺរ៉ុប។
២៖ ស្នើបន្ថែមឲ្យមានការបញ្ជាទិញ ឲ្យកាន់តែច្រើនមកកម្ពុជា ដើម្បីបន្តឱកាសការងារដល់ កម្មករនយោជិត ដែលនឹងកំពុង ទន្ទឹងរង់ចាំប្រាក់ឈ្មួលអប្បបរមាថ្មី ១៧០ដុល្លារ នឹងជិតមកដល់នាឆ្នាំ២០១៨ខាងមុខ រួមទាំងអត្ថប្រយោជន៍ផ្សេងៗ ដែលរដ្ឋាភិបាលកម្ពុជាបានដំឡើង និងផ្តល់តាមការស្នើរបស់សហជីពកន្លងមក៕