(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិ៩ និងភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានទទួលប័ណ្ណកម្មសិទ្ឋិដីធ្លី ពីកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ២០០នាក់ផងដែរ។
លោក ឃួង ស្រេង បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា កម្មសិទ្ធិមួយសន្លឹកនេះ គឺមានតម្លៃស្មើនឹងតម្លៃផ្ទះ ឬក្បាលដីនីមួយៗ។ ដូចនេះសូមបងប្អូនថែរក្សាប័ណ្ណឲ្យបានល្អ និងមានសុវត្ថិភាពបំផុត។ ជាពិសេសនោះ សូមបងប្អូនកុំយកវាទៅអ៊ុតរឹង ពីព្រោះ វាអាចធ្វើប័ណ្ណនេះខូច នៅពេលដែលយើងយកប័ណ្ណនេះ ទៅចុះបញ្ជីបន្ត។ លោកអភិបាលរាជធានី បានស្នើដល់ប្រជាជន ពិចារណាឲ្យបានម៉ត់ចត់ ក្នុងករណីបងប្អូនយកប័ណ្ណកម្មសិទ្ធិនេះ យកទៅដាក់ធនាគារ ដើម្បីយកថវិកាទៅប្រើប្រាស់ ឬដោះស្រាយបញ្ហាអ្វីមួយ។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នេះគឺជាយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល លើវិស័យដីធ្លី គឺធ្វើយ៉ាងឲ្យប្រជាពលរដ្ឋ គ្រប់គ្នាទទួលបាននូវប័ណ្ណកម្មសិទ្ធដីធ្លី និងក៏ជាយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រផងដែរ។ ការដែលចែកប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ មានការយឺតយ៉ាវដោយសារប្រជាពលរដ្ឋទាំង២ភូមិនេះ រស់នៅលើដី កម្មសិទ្ធិរបស់រដ្ឋ ហើយរដ្ឋបាលសាលារាជធានីភ្នំពេញ រង់ចាំការអនុញ្ញតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីធ្វើសម្បទានអោយដល់ប្រជាពលរដ្ឋទាំងអស់នោះ។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី រាជធានីភ្នំពេញ បានថ្លែងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាវិធីសាស្រ្តមួយ ដែលយើងអាចធ្វើការចុះបញ្ជីដីធ្លី បានយ៉ាងច្បាស់មានប្រសិទ្ឋិភាព មានតម្លាភាព និងធានាបាននូវភាពកក់ក្តៅ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការកាន់កាប់ដីធ្លី និងធានាសុវត្ថិភាពដីធ្លី។ ការគ្របគ្រងដីធ្លីបានល្អ ជាមូលដ្ឋានឲ្យរដ្ឋ គិតគូរប្រមូលចំណូលចូលថវិកាជាតិ និងផ្តល់លក្ខណៈងាយស្រួល ដល់ការជំរុញកិច្ចវិនិយោគ លើកស្ទួយសេដ្ឋកិច្ចជាតិ។ ម្យ៉ាងទៀត គឺជាការរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការអនុវត្តនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព។
លោក សារិន វណ្ណា បានឲ្យដឹងថា «មុននឹងចេញប័ណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុ គឺក្រុមមន្រ្តីជំនាញសូរិយាដី បានចុះមកធ្វើការវាស់វែង ក្បាលដីជូនប្រជាពលរដ្ឋជាច្រើនខែមកហើយ តែថ្ងៃនេះ គឺបានទទួលនូវប័ណ្ណកម្មសិទ្ធិជាផ្លូវការហើយ។ ថ្ងៃនេះកម្មវិធីអនុវិស័យដីធ្លី រាជធានីភ្នំពេញ សម្រេចផ្តល់ប័ណ្ណកម្មសិទ្ឋិ ជូនប្រជាពលរដ្ឋ នៅភូមិ១៩ និងភូមិ១៦ សង្កាត់ទន្លេបាសាក់ ចំនួន៦២២ប័ណ្ណ»។
លោកបញ្ជាក់បន្ថែមថា ក្រោយពីពួកគាត់ទទួលបានប័ណ្ណកម្មសិទ្ធិនេះជាផ្លូវការ ពួកគាត់អាចយកទៅប្រើប្រាស់ ដូចជាកម្ចីប្រាក់ពីធនាគារ ក្នុងបំណងយកប្រាក់មកបណ្តាក់ទុនវិនិយោគ ទៅលើមុខរបខ្នាតតូច ឬមធ្យមបាន។
លោក ខាត់ ណារិទ្ឋ ចៅសង្កាត់ទន្លេបាសាក់ បានបញ្ជាក់ផងដែរថា ការផ្តល់ប័ណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុដល់ ប្រជាពលរដ្ឋទាំង៦២២គ្រួសារនេះ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ប្រជាពលរដ្ឋអាចមកទទួលយកប័ណ្ណ នៅមជ្ឈមណ្ឌលកំសានស៊ូល តែបើផុតពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ប្រជាពលរដ្ឋអាចទៅទទួលយកប័ណ្ណកម្មសិទ្ធិនៅ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយាដី រាជធានីភ្នំពេញ៕