(ភ្នំពេញ)៖ ក្នុងព្រឹត្តិការណ៍រាត្រីបណ្តាញពាណិជ្ជកម្មកម្ពុជា-កូរ៉េ ឆ្នាំ២០១៧ ដែលជាពិធីជួបជុំមួយរៀបចំដោយទីភ្នាក់ងារ លើកម្ពស់វិនិយោគ និងពាណិជ្ជកម្មកូរ៉េ (Kotra) ពាណិជ្ជករ និងវិនិយោគិនកម្ពុជា-កូរ៉េជាច្រើននាក់ បានជួបជុំពិភាក្សាគ្នា ដើម្បីស្វែងយល់ពីឱកាសពាណិជកម្ម និងវិនិយោគថ្មីៗនៅកម្ពុជា ខណៈអ្នកវិនិយោគប្រទេសអាស៊ីបូព៌ាមួយនេះ បានបញ្ជាក់នៅចំពោះមុខដៃគូកម្ពុជាថា ពេញចិត្តនឹងការទំនាក់ទំនងជាមួយកម្ពុជាខ្លាំងណាស់។
រាត្រីបណ្តាញពាណិជ្ជកម្មកម្ពុជា-កូរ៉េ ឆ្នាំ២០១៧នេះ ត្រូវបានប្រារព្ធឡើងនារាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារ អ៊ីនធឺខន់ ធីណេនថល។ ព្រឹត្តិការណ៍នេះ គឺជាខួបលើកទី២០ នៃការបង្កើតឡើងវិញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ ហើយវានឹងក្លាយជាឱកាសដ៏ល្អមួយ សម្រាប់ប្រតិបត្តិករអាជីវកម្មនៃប្រទេសទាំងពីរ លើកិច្ចសហប្រតិបត្តិការអាជីវកម្ម។
លោក Kwon Kyoung Moo អគ្គនាយក Kotra បានលើកឡើងថា កម្មវិធីនេះវាពិសេសសម្រាប់ក្រុមហ៊ុនកម្ពុជា និងកូរ៉េ ដែលនាំ ចូលផលិតផលមកពីកូរ៉េ ក្នុងនោះមាន ក្រុមហ៊ុនខ្មែរ ជិត២០០ និងក្រុមហ៊ុនកូរ៉េប្រហែល៣០ក្រុមហ៊ុន បានចូលរួមកម្មវិធីនេះ។ បើនិយាយពីទំនាក់ទំនងវិញ កម្ពុជាល្អដាច់ពីវៀតណាម ថៃ និងមីយ៉ាម៉ា លោកពេញចិត្តការទំនាក់ទំនងជាមួយកម្ពុជា ព្រោះជនជាតិខ្មែរនិយាយត្រង់ៗមិនចេះលាក់។
លោក Ham Jeong Han តំណាងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានបញ្ជាក់ថា សេដ្ឋកិច្ចនៅកម្ពុជាមានការកើនឡើង រាល់ឆ្នាំ ហើយបើនៅកូរ៉េកើនឡើងត្រឹមតែពី ២-៣ភាគរយប៉ុណ្ណោះ តែបើនៅកម្ពុជាមានការកើងឡើងពី៦-៧ភាគរយ ទើបមានឧស្សាហកម្មច្រើនមកពីកូរ៉េមកដាក់ទុនរកស៊ី។
លោក សួស យ៉ារា សមាជិកសភាកម្ពុជា បានឲ្យដឹងថា កម្ពុជា ជាប្រទេសដឹកជញ្ជូនផលិតផលនាំចេញមានភាពងាយស្រួល ព្រោះកម្ពុជានៅចំកណ្ដាលអាស៊ាន ហើយមានឱកាសច្រើនសម្រាប់អ្នកវិនិយោគ។ លោកតំណាងរាស្ត្របានបន្តថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ កន្លងមក បានចូលរួមជំរុញការអភិវឌ្ឍក្នុងប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា Kotra ជាស្ថាប័នមួយស្ថិតនៅក្រោមក្រសួងឧស្សាហកម្ម នៃសាធារណរដ្ឋកូរ៉េ ចំពោះប្រតិបត្តិការនៅកម្ពុជា Kotra ស្ថិតក្រោមស្ថានទូតកូរ៉េខាងត្បូង ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម៕